រដ្ឋបាលខេត្តព្រះសីហនុ រៀបចំរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើនបន្ថែមទៀត ជាមួយនឹងការរៀបចំកន្លែងអង្គុយលម្តែ កន្លែងលេងកីឡា ឡានម្ហូបដែលមានស្តង់ដាអន្តរជាតិ សម្រាប់សាធារណជន និងទេសច។
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់”ឆ្នេរព្រែកត្រែង” ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ជាគម្រោងស្ថារលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែង រួមមាន៖
១. រៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់សម្រាប់សាធារណជននិងទេសចរ
២. រៀបចំតំបន់សុវត្ថិភាពសម្រាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្នាំសមុទ្រសម្រាប់ការពារសុវត្ថិភាព
៣. រៀបចំសួនច្បារសាធារណៈ ដាំដើមឈើបណ្តាញបៃតង និងកន្លែងពិកនិកកម្សាន្ត នៅលើដីចំណីឆ្នេរសមុទ្រសម្រាប់សាធារណជន និងទេសចរ
៤. រៀបចំផ្លូវថ្មើរជើងដោយមានផ្លូវសម្រាប់ជនមានពិការភាពនៅលើដីចំណីឆ្នេរសមុទ្រស្របតាមបណ្តោយឆ្នេរសមុទ្រ
៥. រៀបចំកន្លែងអង្គុយលម្តែ កន្លែងលេងកីឡា ឡានម្ហូបដែលមានស្តង់ដាអន្តរជាតិ សម្រាប់សាធារណជន និងទេសចរ
៦. រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសម្រាប់ជនមានពិការភាព
៧. ជួសជុលកែលម្អកញ្ចុះចាស់ៗដែលមានស្រាប់សម្រាប់សាធារណជន និងទេសចរ
៨. រៀបចំតម្លើងឆត្រប្រក់ស្បូវសម្រាប់សាធារណជន និងទេសចរ
៩. រៀបចំចំណតរថយន្ត និងចំណតយានយន្តសាធារណៈនៅក្នុងតំបន់រណប
១០. រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក
១១. រៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាមស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ក្តីរំពឹងថា នៅពេលសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” រួចរាល់ ខេត្តព្រះសីហនុ និងកាន់តែមានការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើនបន្ថែមទៀតមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕








អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ