រកឃើញបញ្ហាគណ:អភិបាលខេត្ត/ក្រុង មួយចំនួនមិនទាន់មានការសហការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជាថ្នាក់ខេត្ត

ក្នុងចំណោមបញ្ហាជាច្រើនក្នុងនោះបញ្ហាដែលកិច្ចប្រជុំភាពជាដៃគូ ក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកមកពិភាក្សា គឺគណ:អភិបាលខេត្ត/ក្រុងមួយចំនួនមិនទាន់មានការសហការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជាថ្នាក់ខេត្តនៅឡើយ។

ក្រសួងមហាផ្ទៃ និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃចន្ទ ទី១០ ខែមិនា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានក្រុមការងារ «ត» តំណាងផ្នែករដ្ឋាភិបាល និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធានក្រុមការងារ «ត» ដែលបានពិភាក្សាលើបញ្ហាជាក្តីកង្វល់របស់វិស័យឯកជន។

តាមដានជាមួយយើង៖ Million Times

សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោយចប់កិច្ចប្រជុំ បានឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះ បានពិភាក្សាលើបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន រួមមាន៖ (១). គណ:អភិបាលខេត្ត/ក្រុង មួយចំនួនមិនទាន់មានការសហការល្អជាមួយ សភាពាណិជ្ជកម្មថ្នាក់ខេត្ត, (២). បញ្ហាការត្រួតពិនិត្យនៅមាត់ច្រកចេញចូលតាមព្រំដែន ពីសំណាក់ប្រធានមាត់ច្រក ដែលជាមន្ត្រីដែលចាត់តាំងពីសាលាខេត្ត, (៣). ចរាចរណ៍ផ្លូវគោក នៅពេល ក្រុមហ៊ុនជួបគ្រោះថ្នាក់ ចរាចរណ៍ (មិនដល់ជីវិត), (៤). សំបញ្ហាផ្លាកសញ្ញាចរាចរណ៍, (៥). ការត្រួតពិនិត្យអ្នកបើកបរដែលមានផ្ទុក ឬប្រើប្រាស់សារធាតុញៀន, (៦). សំណើរសុំកិច្ចសហប្រតិបត្តិការ និងចាត់វិធានការលើបទល្មើសបច្ចេកវិទ្យា (Cyber-Crime), (៧). បញ្ហាប្រឈមចំពោះបច្ចេកទេសក្នុងការប្រើប្រាស់ ដ្រូនកសិកម្ម, និង (៨). ផ្សេង។ 

បើតាមសភាពាណិជ្ជកម្ម អង្គប្រជុំបានឯកភាពទទួលយកដំណោះស្រាយ ក៏ដូចជាធាតុចូលពីវិស័យឯកជន ដើម្បីពិនិត្យធ្វើយ៉ាងណាសម្របសម្រួលផ្តល់ជូនឲ្យវិស័យនេះនូវបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា