គណៈប្រតិភូសហភាពអឺរ៉ុប ហៅកាត់ជាភាសាអង់គ្លេស EU ដែលមានសមាសភាពសរុបប្រមាណ ១២រូប មកពី ១០ប្រទេស បានមកស្វែងយល់ពីលទ្ធភាព និងឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
អំឡុងពេលបំពេញទស្សនកិច្ចវិនិយោគនៅខេត្តព្រះសីហនុ ដែលដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ ការចុះមកនេះគឺដើម្បីស្វែងយល់អំពីការអភិវឌ្ឍកំពង់ផែ លទ្ធភាពនិងឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសឱកាសវិនិយោគក្នុងខេត្ត។


លោក Andreas BERG បានលើកឡើងថា នេះជាលើកទី១នៃការធ្វើទស្សនៈកិច្ចផ្លូវការរបស់ប្រតិភូសហភាពអឺរ៉ុប ហើយខេត្តព្រះសីហនុជាទីតាំងដ៏មានសក្តានុពលបំផុតមួយរបស់កម្ពុជា។ ជាមួយគ្នានេះ លោកបានបង្ហាញគោលបំណងនៃការវិនិយោគទៅលើវិស័យអាទិភាពផ្សេងៗ ដូចជា វិស័យសំណង់, ឧស្សាហកម្ម, ភស្តុភារកម្មសមុទ្រ, និង ជលយានដ្ឋានផងដែរ។
នៅក្នុងឱកាសនោះ លោក ឡុង ឌីម៉ង បានប្រាប់គណៈប្រតិភូ EU អំពីសក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុ បាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀតក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។
បន្ថែមពីលើនេះ លោកបានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០៕


អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ