អ្នកឧកញ៉ា លឹម ហេង អំពាវនាវដល់អ្នករកស៊ីដែលជួបបញ្ហាជាមួយអាជ្ញាធរ សូមមករកសភាពាណិជ្ជកម្មកម្ពុជា

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានអំពាវនាវដល់អ្នករកស៊ីទាំងឡាយណាដែលជួបបញ្ហាលំបាកផ្សេងៗជាមួយអាជ្ញាធរដែនដីថ្នាក់ខេត្ត សូមមកជួបសភាពាណិជ្ជកម្មកម្ពុជាដើម្បីដោះស្រាយជូនភ្លាមៗ។

នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនបន្ទាប់ពីចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ត” “ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅរសៀលថ្ងៃពុធ ទី០៥ ខែមីនា អ្នកឧកញ៉ា លឹម ហេង បានលើកឡើងដោយអំពាវនាវយ៉ាងដូច្នេះថា «អ្នករកស៊ី បើជួបបញ្ហាការលំបាកជាមួយអាជ្ញាធរដែនដី ប៉ូលិស ឬកងរាជអាវុធហត្ថថ្នាក់ខេត្ត អាចមករកសភាពាណិជ្ជកម្មតាមបណ្តារាជធានីខេត្ត ដើម្បីជួយសម្រួលដោះស្រាយជូន តាមរយៈយន្តការរាជរដ្ឋាភិបាល ផ្នែកឯកជន..»។

តាមដានជាមួយយើង៖ Million Times

ក្នុងនាមអនុសហប្រធានទី១ ក្រុមការងារ “ត” ផ្នែកឯកជន បានបន្តដឹកនាំពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលជាកង្វល់របស់ផ្នែកឯកជន ជាពិសេសទទួលយកនូវបញ្ហាប្រឈមដែលកើតមានឡើងនៅតាមបណ្តាររាជធានី ខេត្តក្រុងដែលលើកឡើងដោយតំណាងសភាពាណិជ្ជកម្មរាជធានីខេត្ត ពាក់ព័ន្ធនឹងវិស័យរដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងមហាផ្ទៃ នាពេលឆាប់ៗខាងមុខនេះ។ 

បើតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំបានដំណើរការពិនិត្យពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន៖ កិច្ចសហប្រតិបត្តិការការងាររវាងសភាពាណិជ្ជកម្មរាជធានីខេត្ត និងអាជ្ញាធរដែនដី។ បញ្ហាមន្ត្រីអនុវត្តច្បាប់នៅតាមមាត់ច្រក។ បញ្ហាដ្រូនកសិកម្ម។ ការមិនបង្ករលក្ខណៈងាយស្រួលដល់អ្នកវិនិយោគនៅតាមបណ្តារខេត្តក្រុង។ បញ្ហានៃការចូលរួមរបស់តំណាងសភាពាណិជ្ជកម្មរាជធានីខេត្តក្នុងសកម្មភាពសេដ្ឋកិច្ច និងវិនិយោគ រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា