សម្តេច ហ៊ុន ម៉ាណែត៖ ក្នុងនាមជារដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ១៩៩៩ មក កម្ពុជាគឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំង

នៅព្រឹកថ្ងៃទី៦ ខែមីនានេះ  សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីបានចូលរួមបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។

សម្តេចមានប្រសាសន៍ថា ក្នុងនាមជារដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ១៩៩៩ មក កម្ពុជា គឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ដើម្បីត្រលប់ទៅរកសម្ទុះកំណើននេះវិញ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ ៧% ក្នុងរយៈពេលមធ្យម។

តាមដានជាមួយយើង៖ Million Times

សម្តេចថ្លែងថា ការសម្រេចបានសមិទ្ធផលដ៏រឹងមាំនេះ គឺដោយសារគោលនយោបាយបើកចំហរបស់យើង ចំពោះពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍វិនិយោគជាយុទ្ធសាស្រ្ត ជាមួយនឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។

បើតាមសម្តេច កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារ ទៅកាន់តំបន់អាស៊ាន ហើយថ្មីៗនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោឆ្នាំ២០២៤ របស់ Financial Times។

សម្តេចគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំវិនិយោគប្រហែល ៦,៩ ពាន់លានដុល្លារអាម៉េរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ។ សមិទ្ធផលពាណិជ្ជកម្មអន្តរជាតិ គឺជាការគូសបញ្ជាក់បន្ថែម ពីកម្លាំងនៃ
ទីផ្សារ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់កម្ពុជា។ ជាក់ស្តែង ទំហំពាណិជ្ជកម្មអន្តរជាតិ បានកើនឡើងជាង ១៦% ពី ៤៦,៨២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដល់ ៥៤,៧៤ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។

សម្តេចបានបន្ថែមថា ជាមួយនឹងការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញវិបុលភាពតំបន់ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញយ៉ាងសកម្មនូវបរិយាកាសអំណោយផល ដល់ការវិនិយោគ តាមរយៈការកែលម្អជាបន្តបន្ទាប់។ កម្ពុជាបាន និងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលទាំងផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្ម។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជា ផ្តោតលើការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម ។

ក្នុងភាពជា-ដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ាន សម្តេចថ្លែងថា កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម សម្រួលនីតិវិធីគយ សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព ។

សម្តេចក៏បានថ្លែងទៀតថា «យើងក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និង អាមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះ»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មាននាយករដ្ឋមន្រ្តី