លោក ស៊ុន ចាន់ថុល៖ ២ខែដើមឆ្នាំនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងសរុប ១១០គម្រោង

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងសរុបចំនួន ១១០គម្រោង ដែលតួលេខទាំងនេះជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលថ្ងៃទី៥ ខែមីនា។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា កំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័តនៃប្រវត្តិប្រតិបត្តិការការងារ របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កន្លងមក ក្នុងឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង តួលេខខ្ពស់បំផុតក្នុងកំណត់ត្រា៣០ឆ្នាំ និងគម្រោងវិនិយោគដែលបានអនុម័ត ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ សរុបចំនួនជាង ១១០គម្រោងផងដែរ។

តាមដានជាមួយយើង៖ Million Times

ក្នុងឱកាសនៃជំនួបនោះ លោកក៏បានស្នើសុំឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានា ដែលស្ថាប័នឯកជន បានស្នើឡើងឱ្យបានទាន់ពេលវេលា ប្រកបដោយឆន្ទៈខ្ពស់ ដើម្បីជំរុញឱ្យការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត។

គួរឲ្យដឹងថា CDC បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោងក្នុងឆ្នាំ ២០២៤ ដែលទំហំទុនវិនិយោគគិតជាទឹកប្រាក់មាន ៦ ៩០០លានដុល្លារអាមេរិក។ គម្រោងវិនិយោគទាំងនេះបានកើនឡើងចំនួន ១៤៦ គម្រោង ឬស្មើនឹង៥៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ និងបញ្ជាក់បន្ថែមថា មានការងារសរុបចំនួន ៣៣ម៉ឺនកន្លែងត្រូវបានបង្កើតឡើងក្នុងវិស័យឧស្សាហកម្មមានអាត្រាខ្ពស់ជាងគេ។ បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC