កាលពីថ្ងៃ ៣ ខែមីនា ឆ្នាំ ២០២៥ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញ បានបន្តចុះពិនិត្យគម្រោង Peninsula Bay និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។


ការចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានសំណង់គម្រោង Peninsula Bay និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងគោលបំណងបន្តផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគក្នុងវិស័យទេសចរណ៍ អចលនទ្រព្យ និងឧស្សាហកម្ម ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាគំនិតផ្ដួចផ្ដើមដ៏ប្រពៃរបស់នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រៅពីសកម្មភាពចុះត្រួតពិនិត្យ ក៏ជាភារកិច្ចស្នូលរបស់ក្រុមការងារ បន្ទាប់ពីការពិនិត្យផ្ដល់ការលើកទឹកចិត្តពិសេស ជូនវិនិយោគិន និងធុរជន ដែលស្នើសុំ ព្រមទាំងអនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ ឆ្នាំ ២០២៥ ក្នុងគោលដៅតាមដាន ជំរុញការអនុវត្តគម្រោង ស្ដាប់សំណូមពរ ហើយនិងបញ្ហាប្រឈមនានាពីអ្នកអនុវត្ត និងវិនិយោគិនផ្ទាល់។

Peninsula Bay របស់ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD. គឺជាគម្រោងសាងសង់សណ្ឋាគារផ្កាយ ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលប្រើទុន ៥៧៤ លានដុល្លារ និងចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ ២០២៤ និងគ្រោងបញ្ចប់ការសាងសង់នៅ ២០២៨។ ទីតាំងគម្រោងនេះមានទំហំ ១៥៨ ៦៣៣ ម៉ែត្រការ៉េ មានការសាងសង់សណ្ឋាគារផ្កាយ៥ មាន ២ ៨៧០ បន្ទប់, សួនទឹកកម្សាន្ត និងសាលប្រជុំខ្នាតធំ, ផ្សារទំនើប, អគារពាណិជ្ជកម្ម ៥ កម្ពស់ ៣២ ជាន់ និងអគារស្នាក់នៅរួម ៤ អគារ កម្ពស់ ៣២ ជាន់។
គម្រោងរបស់ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD. មានសកម្មភាពសាងសង់យ៉ាងសស្រាក់សស្រាំ លឿន និងអាចបញ្ចប់តាមការគ្រោងទុក ហើយក្រុមហ៊ុនកំពុងរៀបចំផែនការពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញទីតាំងគម្រោងបន្ថែមទៀតផងដែរ។

ចំណែកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម ជាតំបន់ឧស្សាហកម្មចម្រុះ ដែលមានសហគ្រាសផលិតផលិតផល ដូចជា សម្ភារៈសំណង់, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គ្រឿងបន្លាស់, សំបកកង់រថយន្ត, បន្ទះសូឡា, សម្ភារៈពេទ្យ, កាបូប, វ៉ាលី, សម្លៀកបំពាក់, និងស្បែកជើងជាដើម។ កាលពីឆ្នាំ ២០២៤, សហគ្រាសដែលកំពុងវិនិយោគនៅក្នុងតំបន់នេះមាន ១៩០ សហគ្រាស មកពីចិន អឺរ៉ុប អាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់កម្លាំងកម្មករ-និយោជិតជិត ៣០ ០០០ នាក់ និងមានប្រាក់ចំណូលប្រចាំខែប្រមាណ ៣០០ ដុល្លារ ព្រមទាំងសម្រេចបានទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ ៣ ៦៧២ លានដុល្លារ គិតពីខែ មករា ដល់វិច្ឆិកា ឆ្នាំ២០២៤ ។
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគោលដៅប្រែក្លាយទៅជាឧទ្យានឧស្សាហកម្មអន្តរជាតិមួយ ដែលមានសហគ្រាសសរុប ៣០០ ហើយអាចបង្កើតការងារ ៨០ ០០០ ដល់ ១០០ ០០០ នាក់។ ទន្ទឹមនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងធ្វើការអភិវឌ្ឍបន្ថែម លើផ្ទៃដីដែលមិនទាន់អភិវឌ្ឍជាង ៥០០ ហិកតា លើផ្ទៃដីសរុប ១ ១១៣ ហិកតា ដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលូ ប្រព័ន្ធទឹក និងអគ្គិសនី ជាដើម ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគថ្មីៗទៀត ខណៈដែលរាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តពិសេស និងដាក់ចេញយន្តការជំរុញវិនិយោគនានា៕


អត្ថបទ៖ មេរ៉ា, រូបភាពផ្ដល់ឲ្យ