ឆន្ទៈស្នេហាជាតិ! ប្រជាជនកាណាដាសម្រុកគាំទ្រផលិតផលក្នុងស្រុក ជួយបង្កើនកំណើនសេដ្ឋកិច្ច

បន្ទាប់ពីលោក Donald Trump ប្រធានាធិបតីអាមេរិកប្រកាសផែនការទារពន្ធនាំចូលទំនិញ ២៥% បន្ថែមពីប្រទេសកាណាដា ប្រជាជនកាណាដាបានបង្ហាញការមិនពេញចិត្ត និងធ្វើពហិការលែងគាំទ្រផលិតផលបរទេស ងាកមកបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុកវិញ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ការណ៍នេះបានជួយឲ្យសេដ្ឋកិច្ចកាណាដា រីកលូតលាស់យ៉ាងឆាប់រហ័ស ដោយក្នុងត្រីមាសទី៤ កាលពីឆ្នាំទៅ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះសម្រេចបានរហូតដល់ ២,៦% ច្រើនជាងការរំពឹងទុក ជំរុញដោយកំណើនការចាយវាយពីប្រជាជនក្នុងស្រុក។

ប្រជាជនកាណាដាបានងាកមកគាំទ្រផលិតផលក្នុងប្រទេសចាប់ពីខែធ្នូឆ្នាំទៅ និងសម្រុកគាំទ្រខ្លាំងពីពាក់កណ្ដាលខែ គួបផ្សំការទទួលបានផែនការវិនិយោគពីបរទេស និងការនាំចេញមានផលវិជ្ជមានផង បានជួយឲ្យកំណើនសេដ្ឋកិច្ចកាណាដា សម្រេចបានសមិទ្ធផលធំធេងខ្លាំងកាលពីឆ្នាំទៅ។

គួរជម្រាបដែរថា ស្ថានភាពសេដ្ឋកិច្ចកាណាដា ប៉ុន្មានឆ្នាំចុងក្រោយនេះហាក់មិនសូវមានសញ្ញាល្អ ប៉ុន្តែទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលវាបានបង្ហាញពីភាពប្រសើរឡើងជាលំដាប់ បន្ទាប់ពីប្រជាជនងាកមកគាំទ្រផលិតផលក្នុងស្រុក ជាមួយផែនការកាត់បន្ថយអត្រាការប្រាក់ពីធនាគារផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ Grocery Business