រដ្ឋមន្ត្រី ចម និម្មល៖៣ចំណុចសំខាន់ដែលកម្ពុជាត្រូវផ្តោតលើការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជាត្រូវតែពង្រឹងលើការរអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក ឲ(E-Commerce) ព្រោះថា E-Commerce មិនត្រឹមតែជាឧបករណ៍សម្រាប់កំណើនសេដ្ឋកិច្ចនោះទេ វាគឺជាមធ្យោបាយ និងឱកាសដល់សហគ្រិនតាមជនបទ អាចលក់ផលិតផលរបស់ខ្លួនគ្រប់ទីកន្លែងលើពិភពលោក ដោយគ្រាន់តែប្រើទូរស័ព្ទដៃតែប៉ុណ្ណោះ។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ របាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ចម និម្មល បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីបង្កើតក្របខណ្ឌវិញ្ញាបនបត្រ សម្គាល់ទំនុកចិត្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (CETS) ខណៈពេលដែលក្រសួងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបង្កើតប្រកាស ស្តីពីក្រមសីលធម៌ ក្នុងបំណងលើកកម្ពស់ការជឿទុកចិត្តរបស់អតិថិជន លើកកម្ពស់ការអនុវត្តអាជីវកម្មដោយយុត្តិធម៌ និងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់ សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នៅកម្ពុជា។

លោកស្រីបានថ្លែងថា ដើម្បីអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកយើងត្រូវមាន ៣ចំណុចសំខាន់ៗ ដែលកម្ពុជាចាំបាច់ត្រូវតែផ្តោត ទី១ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ ការពង្រីកសេវាអ៊ីនធឺណិត ការដឹកជញ្ជូន និងប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព។ ទី២ ការលើកកម្ពស់អក្ខរកម្មឌីជីថល៖ ធានាថាប្រជាជនកម្ពុជាទូទាំងប្រទេសមានជំនាញចាំបាច់ ក្នុងការចូលរួមសេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈជាដើម។

ចំណែកទី៣ ការពង្រឹងការការពារអ្នកប្រើប្រាស់៖ ការបង្កើតបទប្បញ្ញត្តិច្បាស់លាស់ស្តីពីឯកជនភាពទិន្នន័យ និងការទូទាត់ត្រឡប់ និងបង្កើតក្របខ័ណ្ឌវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងជួយលើកទឹកចិត្តអ្នកប្រើប្រាស់កាន់តែច្រើនឱ្យចូលរួមជាមួយទីផ្សារអនឡាញ។

លោកស្រីគូសបញ្ជាក់ថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនត្រឹមតែជាឧបករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចនោះទេ វាគឺជាមធ្យោបាយនៃការផ្តល់ភាពខ្លាំង និងជឿជាក់ដល់សហគមន៍ តាមរយៈការបង្កើតឱកាស និងការផ្លាស់ប្តូរ ជាក់ស្ដែងសហគ្រិនតាមជនបទ អាចដាក់លក់ផលិតផលរបស់ខ្លួន ដល់គ្រប់ទីកន្លែងក្នុងពិភពលោក ដោយគ្រាន់តែប្រើទូរស័ព្ទដៃតែប៉ុណ្ណោះ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម