រដ្ឋបាលក្រុងប៉េកាំង មានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញដោយបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈ វប្បធម៌ ទេសចរណ៍។
នេះជាការលើកឡើងរបស់លោក យីន លី (Yin Li) លេខាធិការគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង ក្នុងជំនួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។


លោក ឃួង ស្រេង បានលើកឡើងថា តាមរយៈទំនាក់ទំនងប្រទេសចិន និងកម្ពុជា រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងរបស់ប្រទេសចិនបានចំនួន ៩ទីក្រុងហើយ ក្នុងនោះទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាពជាមួយនៅមុនការរីករាដាលជម្ងឺកូវីដ-១៩។ លោកថា តាមរយៈទីក្រុងសម្ព័ន្ធមេត្រីភាពនេះ ទីក្រុងប៉េកាំងបានជួយរាជធានីភ្នំពេញជាច្រើនទាំងរថយន្ត និងថ្នាំពេទ្យជាដើម។
លោក យីន លី បានបញ្ជាក់ថា ទីក្រុងទាំង២ ប៉េកាំង និងទីក្រុងភ្នំពេញ មានលក្ខណៈពិសេសរៀងៗខ្លួន តែសំរាប់ទីក្រុងភ្នំពេញ មានដង់ស៊ីតេខ្ពស់ជាងទីក្រុងប៉េកាំង ពោលគឺទីក្រុងប៉េកាំង មានផ្ទៃដីទំហំ១៦០០០គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅប្រមាណ២២លាននាក់ មានដង់ស៊ីតេ ៣០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ចំណែកទីក្រុងភ្នំពេញវិញ មានមានផ្ទៃដីទំហំ៦៩៥.២១៨គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅ ប្រមាណជាង២លាន៥សែននាក់ មានដង់ស៊ីតេ ៣៦០០នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។

លោកបានឲ្យដឹងថា រដ្ឋធានីប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថលសិល្បៈ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
បន្ថែមពីលើនេះលោក យីន លី បានស្នើមកកាន់រាជធានីភ្នំពេញ ឲ្យរក្សាទំនាក់ទំនងល្អរវាងទីក្រុង និងទីក្រុងដោយជំរុញកិច្ចសហប្រតិបត្តិការលើចំណុចសក្ដានុពលរបស់ទីក្រុងទាំងពីរ។ ពង្រឹងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ ជំរុញទំនាក់ទំនងស៊ីជម្រៅរវាងប្រជាជន និងប្រជាជន តាមរយៈវិស័យវប្បធម៌ទេសចរណ៍ សុខាភិបាល ទំនាក់ទំនងយុវជន និងយុវជនសមាគមគ្រូ និងនិស្សិត។ល។ ពិសេសនោះ ការចែករំលែក បទពិសោធន៌រវាងគ្នា និងគ្នាទាក់ទងជាមួយការគ្រប់គ្រងទីក្រុង ការរៀបចំទីក្រុង និងទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការសហការ រវាងសហគ្រាស និងសហគ្រាស៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានរដ្ឋបាលរាជធានីភ្នំពេញ