ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានប្រកាសកាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈថា ពួកគេនឹងចំណាយដើមទុន ៥០០ពាន់លានដុល្លារ ដើម្បីបង្កើនការវិនិយោគនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ឆ្នាំទៅមុខទៀត។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ផែនការបណ្ដាក់ទុន ៥០០ពាន់លានដុល្លាររបស់ Apple នឹងរួមបញ្ចូលទាំងការសាងសង់រោងចក្រដ៏ធំក្នុងរដ្ឋ Texas សម្រាប់ការផ្ដល់សេវាកម្មបញ្ញាសិប្បនិមិត្ត AI និងបង្កើតការងារ ២០ ០០០កន្លែង សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅទូទាំងប្រទេសរយៈពេល ៤ឆ្នាំនោះ។


បន្ថែមពីនោះក្រុមហ៊ុន Apple ក៏បានប្ដេជ្ញាចិត្តទៀតថា ផែនការរបស់ខ្លួននឹងផ្ដោតសំខាន់ លើការទិញវត្ថុធាតុដើមពីទីផ្សារអាមេរិកផ្ទាល់ បើទោះជាមានតម្លៃថ្លៃជាងការនាំចូលតិចតួចក្ដី ដើម្បីពង្រឹងចរន្តសេដ្ឋកិច្ច និងលំហូរសាច់ប្រាក់នៅប្រទេសមហាអំណាចមួយនេះ។
គួររំលឹកបន្តិចថា Apple ហាក់កំពុងព្យាយាមយកចិត្តយកថ្លើមប្រធានាធិបតី Donald Trump ពោលសេចក្ដីប្រកាសពីផែនការខ្នាតយក្សនេះ ស្រដៀងគ្នាកាលពីឆ្នាំ២០១៨ ពេលដែលលោក Trump ឡើងអង្គុយកៅអីមេដឹកនាំអាមេរិកអាណត្តិដំបូង ដោយកាលនោះ Apple ប្រកាសចាយលុយ ៣៥០ពាន់លានដុល្លារ ទៅក្នុងចរន្តសេដ្ឋកិច្ចរបស់អាមេរិករយៈពេល ៥ឆ្នាំ ដើម្បីបណ្ដាក់ទុនដូចគ្នា៕
អត្ថបទ៖ Luffy រូបភាព៖ Inc. Magazine