ក្រសួងទេសចរណ៍ បានបង្ហាញសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ កាលពីឆ្នាំ ២០២៤ នឹងការលើកឡើងថា វិស័យនេះបានរួមចំណែកផលិតផលក្នុងស្រុកប្រមាណ ៩,៤% ដោយក្នុងនោះ អ្នកដែលមានមុខរបរ និងការងារជាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍សរុបជាង ៥១ម៉ឺននាក់។


របាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា កាល ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧០ លាននាក់ កើនឡើងប្រមាណ ២២.៩ ភាគរយ និងបានដាក់បញ្ចូលថវិកាទៅក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៣ ៦៣៧ លានដុល្លារអាមេរិក កើនឡើង ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។
តាមរយៈសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការឆ្នាំមុន ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា អាចវាស់វែងបានពីចំណុចសំខាន់ៗមួយចំនួនដូចជា ទេសចរអន្តរជាតិ ៦.៧០ លាននាក់ កើនឡើង ២២.៩%, ទេសចរជាតិ ២២.៥២ លាននាក់ កើនឡើង ២០.១%, ទេសចរជាតិចេញក្រៅ ១.៨៥ លាននាក់ កើនឡើង ១.៤% ,មូលដ្ឋានអាជីវកម្មទេសចរណ៍ ១៣.៨៧៦ អាជ្ញាប័ណ្ណ, សេវាកម្មស្នាក់នៅ ៨៣ ៧៨៧ បន្ទប់,ចំណូលទេសចរណ៍អន្តរជាតិ ៣.៦៣៧ លានដុល្លារកើនឡើង១៨%,មុខរបរ និងការងារទេសចរណ៍ ៥១ ម៉ឺននាក់ ហើយវិស័យទេសចរណ៍បានរួមចំណែកដល់ផលិតផលក្នុងស្រុកប្រមាណ ៩.៤%។
ក្នុងរយៈពេល ១២ ខែឆ្នាំ ២០២៤ កន្លងទៅ កម្ពុជាទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ជិត ៦ ម៉ឺនជើង ទទួលបានអ្នកដំណើរ ចេញ-ចូល ជាង ៦ លាននាក់ និងទទួលដឹកជញ្ជូនទំនិញចេញ-ចូល បានជិត ៨ ម៉ឺនតោន។ នេះជាចំនួនកើនឡើងបើធៀបនឹងឆ្នាំ ២០២៣ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា រួមមានអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ- អាកាសយានដ្ឋានអន្តរជាតិកងកេង ក្រុងព្រះសីហនុ៕
អត្ថបទ៖ មេរ៉ា,រូបភាព៖ Huot Hak