ជំនួបកំពូលនាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម ឡាវ ជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងដោះស្រាយបញ្ហាព្រំដែន

មេដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានជួបពិភាក្សាគ្នាជាថ្មីទៀត ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ និងបានជំរុញដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព។ 

ជំនួបដែលធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំគណបក្សកាន់អំណាចទាំងបី។ នៅក្នុងជំនួបកំពូលថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសទាំងបី បានពិភាក្សាសំខាន់លើការជំរុញទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការទប់ស្កាត់បទល្មើសឆ្លងដែន ក៏ដូចជាស្ថានការណ៍តំបន់ និងពិភពលោកជាដើម។

តាមដានជាមួយយើង៖ Million Times

ភាគីទាំងបីបានពិភាក្សាអំពីការជំរុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សូមជម្រាបជូនថា កម្ពុជា-វៀតណាម មានព្រំដែនគោកប្រមាណ ១,២៧០គីឡូម៉ែត្រ ដែលបច្ចុប្បន្នបានបោះបង្គោលព្រំដែនសម្រេចបាន ៨៤% នៅសល់១៦%។ ចំណែកព្រំដែនកម្ពុជា-ឡាវ មានប្រមាណ ៥៤០គីឡូម៉ែត្រ ក្នុងនោះការងារបោះបង្គោលព្រំដែនសម្រេចបាន៨៦% នៅសល់១៤%៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកនាយករដ្ឋមន្រ្តី