ក្រុមហ៊ុន Air Cambodia ស្នើសុំគាំទ្រពី CDC វិនិយោគសួនកសិ-ឧស្សាហកម្ម កែច្នៃផលិតផលកសិកម្មនៅកម្ពុជា

ក្រុមហ៊ុន Air Cambodia Co., Ltd. (K6) បានមកស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC អភិវឌ្ឍន៍គម្រោងវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា។

នៅក្នុងជំនួបជាមួយលោក ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២០ ខែកុម្ភៈ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ Air Cambodia ធ្វើឡើងក្នុងគោលបំណងដើម្បីស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ 

តាមដានជាមួយយើង៖ Million Times

លោកបានលើកឡើងថា សួនកសិ-ឧស្សាហកម្មនេះត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម ការច្នៃផលិតផលកសិកម្ម ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។

សូមជម្រាបជូនដែរថា ក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ត្រូវបានផ្លាស់ប្តូរឈ្មោះពីក្រុមហ៊ុន Cambodia Angkor Air បច្ចុប្បន្នមានជើងហោះហើរត្រង់ជាច្រើនពីកម្ពុជា ទៅកាន់ប្រទេសចិន។

នាពេលអនាគត ក្រុមហ៊ុនគ្រោងនឹងបើកជើងហោះហើរត្រង់ពីភ្នំពេញ ទៅកាន់ទីក្រុងធំៗចំនួនពីរក្នុងប្រទេសជប៉ុន គឺទីក្រុងតូក្យូ និងអូសាកា ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើនរបស់កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកលោក ស៊ុន ចាន់ថុល