លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានចូលរួមបើកសិក្ខាសាលាកម្រិតខ្ពស់ ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធអន្តរជាតិ» នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបានបានគូសរំលេចថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលគាំទ្រដោយវិស័យកាត់ដេរ, ទេសចរណ៍, កសិកម្ម និងជាពិសេសសំណង់ និងអចលនទ្រព្យ ដែលជាលទ្ធផលកម្ពុជាបានកាត់បន្ថយភាពអត្រាក្រីក្រ និងបង្រួមវិសមភាពសង្គម យ៉ាងច្រើនអនេក។ ជាមួយគ្នានេះ សន្ទស្សន៍ Economic Complexity Index បានកើនពី -០,៧៦ ក្នុងឆ្នាំ ២០១២ ទៅ -០,២២ ក្នុងឆ្នាំ ២០២២។


ក្នុងសុន្ទរកថាគន្លឹះ លោក វង្សី វិស្សុត បានចែករំលែកទស្សនៈផ្ទាល់ខ្លួនចំនួន ៥ ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ ទី១. ការសម្របសម្រួលការប្រើប្រាស់ធនធាន ទាំងមូលធនសង្គម និងមូលធនមនុស្ស (social and human capital) នៅគ្រប់កម្រិតរវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តមភាពប្រៀបធៀប (comparative advantage) ក្នុងសេដ្ឋកិច្ច ទី២. ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវសហការដើម្បីកំណត់បញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមទាំងនោះ ដែលក្នុងនោះស្ថាប័នរដ្ឋត្រូវដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ ទី៣. ស្ថាប័នរដ្ឋត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យមានការឯកភាពគ្នា និងយល់ឱ្យបានច្បាស់អំពីទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនសហថាមភាព និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទី៤. ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្រិតជំនាញទាប និងអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង និងតម្លៃខ្ពស់ យើងត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់អភិបាលកិច្ច ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើឌីជីថលូបនីយកម្មសង្គមនិងសេដ្ឋកិច្ច និង ទី៥. ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវធ្វើឡើងនៅគ្រប់កម្រិត ទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម និងផលប័ត្រផលិតផល ដោយត្រូវគិតគូរជាយុទ្ធសាស្រ្ត និងមានតុល្យភាពរវាងសន្តិសុខជាតិ ភាពធន់សេដ្ឋកិច្ច ការគោរពយន្តការទីផ្សារ និងការកំណត់មាគ៌ាវែងឆ្ងាយសម្រាប់កំណើន និងការអភិវឌ្ឍនាពេលអនាគត។

លោកបានគូសរំលេចថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៥ (១). ធានាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ, (២). បង្កើតការងារកាន់តែច្រើន ទាំងបរិមាណ និងគុណភាពសម្រាប់ប្រជាជនកម្ពុជា, (៣). សម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រឱ្យនៅក្រោម ១០%, (៤). បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័នសាធារណៈ, និង (៥). ធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
យុទ្ធសាស្ត្រនេះក៏បានកំណត់អាទិភាពសំខាន់ៗចំនួន ៥ រួមមាន «មនុស្ស ផ្លូវ ទឹក អគ្គិសនី និងបច្ចេកវិទ្យា» ដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងបញ្ចកោណទាំង ៥ រួមមាន បញ្ចកោណទី១ ការអភិវឌ្ឍន៍មូលធនមនុស្ស, បញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង, បញ្ចកោណទី៣ ការអភិវឌ្ឍវិស័យឯកជននិងការងារ, បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, និងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ហើយចំណុចស្នូលនៃការជំរុញយុទ្ធសាស្ត្រនេះ គឺ «ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច»៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី