សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ជួបពិភាក្សាការងារ នៅវិមានសន្ដិភាព។
លោកស្រីនាយិកាទីផ្សារ បានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។ ទន្ទឹមគ្នានេះលោកស្រីក៏ប្រាប់សម្តេចនាយករដ្ឋមន្រ្តីថា លោកស្រីនឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ។


សម្ដេច ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន SpaceX – Starlink ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី