ធនាគារជាតិកម្ពុជា និងធនាគារកណ្ដាលនៃប្រទេសម៉ាដាហ្គាស្កា កាលពីល្ងាចថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះអនុស្សរណៈយោគយល់ (MOU) ដើម្បីផ្ដល់លទ្ធភាពដល់សមភាគីម៉ាដាហ្គាស្កា សិក្សាស្វែងយល់ពីប្រតិបត្តិការប្រព័ន្ធបាគង ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការអនុវត្តនយោបាយរូបិយវត្ថុកម្ពុជា។


ការចុះអនុស្សរណៈយោគយល់ទ្វេភាគីនេះ ធ្វើឡើងដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Hon. Aivo H. Andrianarivelo ទេសាភិបាលធនាគារកណ្ដាលម៉ាដាហ្គាស្កា។ MOU រវាងធនាគារជាតិកម្ពុជា និងធនាគារកណ្ដាលនៃប្រទេសម៉ាដាហ្គាស្កា ធ្វើឡើងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្ដាលនៃប្រទេសទាំង ២ ដោយផ្ដោតលើគម្រោងសិក្សាស្រាវជ្រាវ គម្រោងតភ្ជាប់ និងនវានុវត្តន៍ហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់បាគង។
ទេសាភិបាលធនាគារកណ្ដាលម៉ាដាហ្គាស្កា បានសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង ព្រមទាំងការគរពូនទុនបម្រុងអន្តរជាតិ។ លោក Hon. Aivo H. Andrianarivelo ក៏បានបង្ហាញសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានផ្ដល់បដិសណ្ឋារកិច្ច និងបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូធនាគារកណ្ដាលម៉ាដាហ្គាស្កា ដែលចាប់អារម្មណ៍សិក្សាស្វែងយល់ពីប្រព័ន្ធប្រតិបត្តិការធនាគារកណ្ដាលរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង។ លោកស្រីបណ្ឌិត ជា សិរី ក៏បានបង្ហាញការតាំងចិត្តថានឹងបង្កើនកិច្ចសហប្រតិបត្តិទ្វេភាគីកាន់តែប្រសើរថែមទៀត។
លើសពីនេះ បណ្ឌិត ជា សិរី ក៏បានប្រាប់ដល់សមភាគីម៉ាដាហ្គាស្កាផងដែរអំពីវឌ្ឍនភាពការងាររបស់ធនាគារជាតិនៃកម្ពុជា ដែលមានប្រទេសជាច្រើនបានមកសិក្សាស្វែងយល់ពីបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធបាគង និងការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសនានាជាច្រើន ហើយរំពឹងថានឹងអាចតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ ម៉ាដាហ្គាស្កា នាពេលខាងមុខ៕





អត្ថបទ៖ មេរ៉ា, រូបភាព៖ ធនាគារជាតិនៃកម្ពុជា