មហាសេដ្ឋីលំដាប់ជួរមុខកម្ពុជាលោក ពុង ឃាវសែ បានរៀបចំជំនួបស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង ប្រទេសចិន ដើម្បីពិភាក្សាការងារជាមួយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ។
គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ តាមរយៈអ្នកឧកញ៉ា ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី បានជួបពិភាក្សាជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ដែលបានដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ ដែលក្រុមហ៊ុនទាំងនោះវិនិយោគក្នុងវិស័យការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ ។ល។


លោកស្រី លូ ចឺឈីង បានសង្ឃឹមថា តាមរយៈជំនួបលើកនេះ នឹងធ្វើឲ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាហើយក៏បានលើកទ្បើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម,កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការ វិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។

លោកក៏បានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានប្រាប់គណៈប្រតិភូពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការ វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តនានា៕


អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC