កូរ៉េខាងត្បូងគ្រោងផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ២៤៩ពាន់លានដុល្លារ ជំរុញការនាំចេញ

ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង Choi Sang-mok បានប្រកាសថា រដ្ឋាភិបាលកំពុងសិក្សា និងត្រៀមផ្ដល់ហិរញ្ញប្បទានគោលនយោបាយពាណិជ្ជកម្ម ចំនួន ៣៦០ទ្រីលានវ៉ុន ឬប្រហែល ២៤៩ពាន់លានដុល្លារ ដើម្បីជួយជំរុញការនាំចេញរបស់ក្រុមហ៊ុនក្នុងស្រុក។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានរាយការណ៍ថា គោលនយោបាយហិរញ្ញប្បទានមួយនេះ គឺធ្វើឡើងក្នុងគោលបំណង ធានាបាននូវទំនុកចិត្តសម្រាប់ក្រុមហ៊ុននាំចេញកូរ៉េខាងត្បូង ដ្បិតបច្ចុប្បន្នពិភពលោកកំពុងរងការគំរាមកំហែង ពីគោលនយោបាយទារពន្ធរបស់សហរដ្ឋអាមេរិក។

លោក Choi បានថ្លែងប្រាប់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «ចាប់ពីពេលនេះទៅ ពួកយើងត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ព្រោះថាជោគវាសនានៃប្រទេសនីមួយៗ គឺខុសគ្នាអាស្រ័យលើការឆ្លើយតបរៀងៗខ្លួន ចំពោះសង្គ្រាមពាណិជ្ជកម្មដែលផ្ដើមឡើងដោយអាមេរិក»។

គួររំលឹកបន្តិចថា កូរ៉េខាងត្បូង ដែលជាដៃគូពាណិជ្ជកម្មធំបំផុតទី០៧ និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់អាមេរិក ក៏ជាប់ក្នុងបញ្ជីទារពន្ធនាំចូលទំនិញបន្ថែម ២៥% របស់ប្រធានាធិបតីអាមេរិក Donald Trump ផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ AP