ក្រុមហ៊ុនអូស្ត្រាលី Renaissance Minerals គ្រោងនឹងធ្វើអាជីវកម្មរ៉ែមាសមួយកន្លែងបន្ថែមទៀតនៅខេត្តត្បូងឃ្មុំ ដែលអាចផលិតមាសប្រមាណ ៣ តោនក្នុង១ឆ្នាំ។ នេះបើតាមការលោក Bernie Cleary នាយកគ្រប់គ្រងក្រុមហ៊ុន ផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកកាលពីពេលកន្លងទៅ។


លោក Bernie Cleary បានឲ្យដឹងថានាពេលខាងមុខ ក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍន៍អាជីវកម្មរ៉ែមាសមួយគម្រោងបន្ថែមទៀតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអាចផលិតមាសប្រមាណ ៣តោនក្នុង១ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនលោក បានបើកការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មនៅខេត្តមណ្ឌលគិរី។
នាយកគ្រប់គ្រងក្រុមហ៊ុនរូបនេះ បានបន្តថា ក្រុមហ៊ុនបានចុះពិនិត្យទីតាំងនៃដែនអាជ្ញាប័ណ្ណរបស់ខ្លួន ដោយក្រុមការងារស្វែងរុករក និងក្រុមការងារបរិស្ថាន ព្រមទាំងបានជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំខ្លួន និងផ្សព្វផ្សាយពីផែនការ សម្រាប់ការងារស្វែងរុករកនៅក្នុងតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈក្រសួងបានធ្វើការវាយតម្លៃពីទំហំបរិមាណរ៉ែមាស ដែលក្រុមហ៊ុនអាចធ្វើការទាញយកបាន។

គួរបញ្ជាក់ថាក្នុងតំបន់អូខ្វាវ ខេត្តមណ្ឌលគិរីនេះ ក្រុមហ៊ុនអាចចម្រាញ់រ៉ែមាស បាន ៣០០ ទៅ ៤០០ គីឡូក្រាមក្នុង១ខែ តាមស្ថានភាពជាក់ស្តែង ស្របពេលដែលក្រុមហ៊ុនបានធ្វើអាជីវកម្មនៅក្នុងរណ្ដៅរ៉ែមាសសរុប ៧ រណ្ដៅ និងគ្រោងនឹងបន្តរណ្តៅទី៨ បន្ថែមទៀត។ គម្រោងនៅតំបន់អូរខ្វាវ គ្រោងនឹងបន្ថែមអាយុអាជីវកម្មពី ៨ ឆ្នាំ ទៅ ២០ឆ្នាំ ដោយគ្រោងប្រើប្រាស់អណ្តូងរ៉ែក្រោមដី៕





អត្ថបទ៖ មេរ៉ា, រូបភាព៖ ទទក