ក្នុងជំនួបជាមួយ Trump នាយករដ្ឋមន្ត្រីឥណ្ឌាប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រហូតដល់ ៥០០ពាន់លានដុល្លារ

កាលពីថ្ងៃទី១៣ ខែកុម្ភៈ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយបានជួបពិភាក្សាការងារជាមួយប្រធានាធិបតី Donald Trump នៅសេតវិមាន។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបមួយនោះ មេដឹកនាំឥណ្ឌាបានប្រកាសថា លោកនឹងប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រវាងអាមេរិក និងឥណ្ឌាទ្វេដងត្រឹមឆ្នាំ២០៣០ ពោលគឺដាក់គោលដៅសម្រេចឲ្យបានរហូតដល់ ៥០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Modi បានអះអាងថា អាមេរិក និងឥណ្ឌាបានព្រមព្រៀងធ្វើការរួមគ្នា លើការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ការផលិតបន្ទះឈីប និងផ្ដោតសំខាន់លើសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែសំខាន់ៗមួយចំនួន។

ជាមួយគ្នា រដ្ឋបាលប្រធានាធិបតី Trump ក៏បានប្រាប់បណ្ដាញសារព័ត៌មានថា មន្ត្រីអាមេរិក និងឥណ្ឌា កំពុងធ្វើការយ៉ាងខ្នះខ្នែង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីច្រើនជាងមុន និងសង្ឃឹមថា ពួកគេនឹងទទួលបានជោគជ័យធំមួយនៅក្នុងឆ្នាំនេះ៕​

អត្ថបទ៖ Luffy រូបភាព៖ IndiaToday