នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅសហរដ្ឋអាមេរិក ដោយបានជួបជាមួយប្រធានាធិបតី Donald Trump នៅសេតវិមាន កាលពីថ្ងៃទី១៣ ខែកុម្ភៈ។


ក្នុងជំនួបមួយនោះ មេដឹកនាំអាមេរិកបានអះអាងថា នឹងព្យាយាមលុបចោលនូវឱនភាពពាណិជ្ជកម្មប្រទេសទាំង២ តាមរយៈការបង្កើនពន្ធលើទំនិញពីប្រទេសឥណ្ឌា និងបង្កើនការនាំចេញទៅប្រទេសមានប្រជាជនរស់នៅច្រើនបំផុតលើលោកមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Time។
គួររំលឹកបន្តិចថា របាយការណ៍ពីក្រសួងកិច្ចការខាងក្រៅរបស់ឥណ្ឌា បានបង្ហាញថា កាលពីឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងអាមេរិក សម្រេចបាន ១៩០ពាន់លានដុល្លារ ដោយមានឱភាពពាណិជ្ជកម្ម ៥០ពាន់លានដុល្លារ។ អាមេរិកបាននាំចេញទំនិញទៅកាន់ទីផ្សារឥណ្ឌាប្រហែល ៧០ពាន់លានដុល្លារ តែនាំចូលវិញរហូតដល់ ១២០ពាន់លានដុល្លារ។

លោក Trump បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌាថា ដើម្បីអាចលុបចោលនូវឱនភាពពាណិជ្ជកម្មបែបនេះ ឥណ្ឌាគួរតែព្យាយាមបង្កើនការនាំចូលថាមពលបន្ថែមពីអាមេរិក ខណៈផែនការទារពន្ធរបស់លោក នឹងនៅតែបន្តអនុវត្តដោយគ្មានករណីលើកលែង។
សូមជម្រាបដែរថា មុនពេលលោក Modi ចាប់ផ្ដើមបំពេញទស្សនកិច្ច រដ្ឋាភិបាលក្រុង New Delhi បានបង្ហាញចំណាប់អារម្មណ៍បង្កើនការទិញទំនិញពីអាមេរិកបន្ថែម ដូចជាប្រេងឥន្ធនៈជាដើម និងកាត់បន្ថយពន្ធនាំចូលពីអាមេរិកថែមទៀត។ ការធ្វើបែបនេះ គឺដើម្បីយកចិត្តយកថ្លើម កុំឲ្យលោក Trump ដាក់គំនាបពាណិជ្ជកម្មលើប្រទេសរបស់ខ្លួនខ្លាំងពេក៕
អត្ថបទ៖ Luffy រូបភាព៖ Boston Globe