របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសឲ្យដឹងពីការប្រមូលចំណូលពន្ធ និងអាកររបស់អគ្គនាយកដ្ឋានកាលពីឆ្នាំ ២០២៤ សម្រេចបាន ១០ ៥៤២.២ ប៊ីលានរៀល ស្មើនឹងប្រមាណ ២៥៩០.៣ លានដុល្លារ ដែលមានកំណើនប្រមាណ ១៣.៨% ធៀបនឹងចំណូលប្រមូលកាលពីឆ្នាំ ២០២៣។


គិតជាសមាសភាគចំណូលតាមប្រភេទពន្ធ និងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤១.៣%, អាករពិសេសមានប្រមាណ ៣២.១%, ពន្ធគយមានប្រមាណ ១៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៤.៤% និងអាករនាំចេញ និងកម្រៃផ្សេងៗមានប្រមាណ ៤.២%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤.៧%, យានយន្ត និងគ្រឿងចក្រមានប្រមាណ ៣១.១%, ប្រេងឥន្ធនៈ និងថាមពលមានប្រមាណ ២៦.៩%, និងសម្ភារសំណង់ ហើយកម្រៃផ្សេងៗមានប្រមាណ ៧.៣%។
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅអនុវត្តបន្ត ២០២៥ បានឲ្យដឹងថា ការប្រមូលចំណូលកាលពីឆ្នាំ ២០២៤ ជួបប្រទះបញ្ហាប្រឈមធំៗមានជាអាទិ៍ កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធ និងអាករកាន់តែធំទូលាយ ដើម្បីទាក់ទាញការវិនិយោគ, និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី ព្រមទាំងការបន្តមានសកម្មភាពរត់គេចពន្ធ ក្នុងរូបភាពថ្មីៗកាន់តែស្មុគស្មាញ។
ទោះជាយ៉ាងណាការងារប្រមូលចំណូល អង្គភាពគយសម្រេចបានវឌ្ឍនភាពល្អប្រសើរ លើការងារសំខាន់ៗដូចជា៖
– ការធ្វើឌីជីថលភាវូបនីយកម្មនីតិវិធី
– ការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជនមានអនុលោមភាពខ្ពស់
– ការពង្រឹងការងារបច្ចេកទេសគយ
– ការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការអនុវត្ត ច្បាប់
– ការងារសវនកម្ម និងការគ្រប់គ្រងហានិភ័យ
– កិច្ចសហការជាមួយផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ
– កិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារគយ
– ការចូលរួមកសាងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
– ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន
– ការងារសង្គម មនុស្សធម៌ សិល្បៈ និងកីឡា៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា