ទុនបម្រុងអន្តរជាតិកម្ពុជា កើនឡើងដល់ ២២.៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤

កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ​លោកស្រី​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បានរៀបចំសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២៥។ ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ កាលពី​ថ្ងៃ​៨ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​ក៏​បាន​បង្ហាញ​ពី​ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

​លោកស្រី​បណ្ឌិត ជា សិរី ​បាន​ឲ្យ​ដឹង​ថា ស្ថិត​ក្រោម​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ការ​គ្រប់គ្រង​ទុន​បម្រុង​អន្តរជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​រួម​ចំណែក​បង្កើន​ទុន​បម្រុង​អន្តរជាតិ​ដល់ ២២.៥ ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤ ពោល​គឺ​កើន​ឡើង ១២.៦ ភាគ​រយ​ធៀប​នឹង​ឆ្នាំ ២០២៣ ដែល​មាន​ត្រឹម​ប្រមាណ ២០ ប៊ី​លាន​ដុល្លារ។

កម្រិត​ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា ត្រូវ​បាន​ចាត់ទុកថា មាន​កម្រិត​ខ្ពស់​សមស្រប ដែល​ស្មើ​នឹង​ប្រមាណ ៧ខែ នៃ​ការ​នាំ​ចូល​ទំនិញ និង​សេវា​សម្រាប់​គ្រា​បន្ទាប់។

ចំពោះ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជាវិញ ឥណទាន​នៅ​តែ​បន្ត​កើន​ឡើង ប៉ុន្តែ​ក្នុង​ល្បឿនយឺត​ជាង​មុន។ នេះ​ជា​ការ​អះអាង​របស់​បណ្ឌិត ជា សិរី ។ ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំ និងរាយ នាំឲ្យអតិថិជនកាត់បន្ថយការខ្ចី ហើយចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បង្កើនការប្រុងប្រយ័ត្ន​ការផ្តល់ឥណទាន ក្នុងស្ថានភាព​សេដ្ឋកិច្ចតំបន់ និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។

សូម​ជម្រាប​ថា​ ទុន​បម្រុង​អន្តរជាតិ គឺជា​សាច់​ប្រាក់​របស់​ប្រទេស​មួយ និង​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត ដែល​កាន់កាប់​ដោយ​ធនាគារ​កណ្ដាល​របស់​ខ្លួន។ ទុន​បម្រុង​ទាំង​នេះ​ត្រូវ​បាន​ប្រើ ដើម្បី​មាន​ឥទ្ធិពល​លើ​តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេស​មួយ បំពេញ​កាតព្វកិច្ច​ទូទាត់​អន្តរជាតិ និង​រក្សា​ទំនុក​ចិត្ត​ទី​ផ្សារ​ហិរញ្ញវត្ថុ។ ទុន​បម្រុង​អន្តរជាតិ ក្រោមការគ្រប់គ្រងរបស់ NBC រួមមានរូបិយប័ណ្ណបរទេស មាស និង SDR (Special Drawing Right)៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ National Bank of Cambodia