លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានបន្តងើបឡើងក្នុងអត្រា ៦% នៅឆ្នាំ២០២៤ អាចចាត់ទុកថា កម្ពុជា ជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់បើធៀបជាមួយបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក។
នៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែមករានេះ លោក ស្រី ជា សិរី បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបន្តងើបឡើង ក្នុងអត្រា ៦% នៅឆ្នាំ២០២៤ ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្មបន្តមានកំណើនទាបក៏ដោយ។


ការរក្សាបានអត្រាកំណើននេះ លោកស្រីគូសបញ្ជាក់ថា អាចចាត់ទុកថា កម្ពុជា ជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់បើធៀបជាមួយបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ខណៈដែលនៅឆ្នាំ២០២៤ សេដ្ឋកិច្ចសកលត្រូវបានវាយតម្លៃថាសម្រេចបានអត្រាកំណើនទាបជាងឆ្នាំ ២០២៣បន្តិច ដោយសារប្រឈមនឹងឧបសគ្គជាច្រើន។
បើតាមលោកស្រី ការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើង ក្នុងអត្រា ៦% នាឆ្នាំ ២០២៤ ជាមួយអតិផរណាជាមធ្យមមានកម្រិតត្រឹម ០,៨% នាឆ្នាំ ២០២៤ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញ និងសេវាផ្សេងៗទៀតឡើងថ្លៃយឺត ដោយផ្គួបផ្សំ នឹងការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀលនៅលើទីផ្សារផងដែរ។
លោកស្រីបន្ថែមថា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយប្រសិទ្ធភាព បានរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិ ដល់ ២២,៥ ប៊ីលានដុល្លារអាមេរិក ពោលគឺកើនឡើង ១២,៦% ធៀបនឹងឆ្នាំ ២០២៣។ ហើយកម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានបន្តចាត់ទុកថាមានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់។
គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ បានកត់សម្គាល់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។
សម្រាប់ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងឈានដល់ ៥,៥% ក្នុងឆ្នាំ២០២៥ និង ២០២៦ បន្ទាប់ពីការព្យាករណ៍កំណើន ៥,៣% សម្រាប់ឆ្នាំ ២០២៤ និង ៥% សម្រាប់ឆ្នាំ២០២៣។ កំណើននេះត្រូវបានជំរុញយ៉ាងខ្លាំងដោយការកើនឡើងនៃការនាំចេញផ្នែកផលិតកម្ម ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ដែលទាំងអស់នេះត្រូវបានជំរុញឡើងដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់ fibre2fashion នៅថ្ងៃទី២១ ខែធ្នូ ឆ្នំា២០២៤៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ NBC