ហាងឆេងមាសមានការផ្លាស់ប្ដូរទៀតហើយនាប៉ុន្មានថ្ងៃនេះ ក្រោយស្ថានភាពសេដ្ឋកិច្ចសកលលោក កំពុងតែមានភាពច្របូកច្របល់។ ចាប់តាំងពីចូលដល់ខែទី ២ នៃឆ្នាំ ២០២៥ ភ្លាម តម្លៃមាសបានប្រែជាឡើងថ្លៃវិញ ក្រោយស្ងប់ ឬថេរមួយរយៈកាលពីអំឡុងចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥។


ងាកទៅមើលតម្លៃពេលចុងឆ្នាំ និងដើមឆ្នាំតម្លៃមាសនៅសល់ត្រឹម ៣២០ ឬ ៣២០ ដុល្លារជាង/ជី តែមកដល់ម្សិលមិញ និងថ្ងៃនេះតម្លៃមាសបែរជាឡើង ៣៤៥ ឬ ៣៤៦ ដុល្លារ/ជី។ នេះបើយោងតាមតម្លៃហាងឆេងមាសរបស់ហាង Hak Kunthea Jewelry។
បញ្ហាតម្លៃមាសស្រាប់តែឡើងស្រឺតៗវិញ ត្រូវបានគេសន្និដ្ឋានថា មកពីការផ្លាស់ប្ដូរគោលនយោបាយរបស់មហាអំណាចពិភព លោក។
តម្លៃនេះ ត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើងថែមទៀតរហូតទៅដល់ ៤០០០ ដុល្លារក្នុងមួយតម្លឹងឯណោះ នៅខែមីនាខាងមុខ។ សម្រាប់ប្រទេសដែលមានតម្រូវការទីផ្សារខ្លាំងបំផុតមាន២ គឺប្រទេសចិន និងប្រទេសឥណ្ឌា ដោយសារច្រើនដូចជាភាពតានតឹងភូមិសាស្រ្តនយោបាយសកល សម្ពាធពាណិជ្ជកម្មសកល ដែលទទួលរងឥទ្ធិពលគោលនយោបាយពន្ធរបស់អាមេរិក។
ដល់ចុងឆ្នាំ ២០២៥ តម្លៃអាចនឹងបន្តកើនឡើងរហូតទៅដល់ ៥០០០ ដុល្លារឯណោះ ប្រសិនបើស្ថានភាពសកលនៅបន្តច្របូកច្របល់បែបនេះ៕
អត្ថបទ៖មេរ៉ា, រូបភាព៖ អ៊ីនធើណិត