ឆ្នាំ២០២៤ វិស័យឧស្សាហកម្មសម្រេចបានកំណើនប្រមាណ៨.៥% ដែលលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកជាកំណើនដ៏ធំមួយគួរឱ្យកត់សម្គាល់ និងព្យាករណ៍ថា វិស័យនេះនឹងកើនឡើងក្នុងរង្វង់៨.៦% នៅឆ្នាំ២០២៥។
លោក ហែម វណ្ណឌី បានលើកឡើងថា ការសម្រេចបានកំណើនល្អប្រសើរនេះ ស្របពេលកើនឡើងនៃចំនួនរោងចក្រឧស្សាហធុនធំក្នុងឆ្នាំ២០២៤ បើទោះបីជាមានរោងចក្រខ្លះ បានបិទដំណើរការក៏ដោយ។ លោកបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤ មានរោងចក្រឧស្សាហកម្មធុនធំបើកថ្មីមានចំនួន៣២៦ ជាពិសេសនៅក្នុងឆមាសទី២ ដែលបានកើនឡើងជាគំហុក បន្ទាប់ពីមានការរើទីតាំងមួយចំនួនពីប្រទេសចិន ដោយទទួលបានទុនវិនិយោគប្រមាណ ២០ពាន់លានដុល្លារ។


នៅក្នុងជំនួបសវនាការជាមួយគណៈកម្មាធិការទី៩ នៃព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហែម វណ្ណឌី គូសបញ្ជាក់ថា គិតមកទល់ដំណាច់ឆ្នាំ២០២៤ រោងចក្រឧស្សាហធុនធំដែលកំពុងដំណើរការ មានចំនួន២ ៤២៥រោងចក្រ។ តែនេះយ៉ាងនេះក្តី កាលពីឆ្នាំ២០២៤កន្លងទៅក៏មានរោងចក្រចំនួន២៦បានបិទទ្វារផងដែរ ដូចជារោងចក្រផលិតបន្ទះសូឡាជាដើម។ ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក៏បានកើនឡើងចំនួន ៣០ និងសួនឧស្សាហកម្មកើនឡើងចំនួន ២០។
ដោយឡែក ចំនួនផលិតកម្មទំនិញ ដែលបានផលិតក្នុងឆ្នាំ២០២៤ សម្រាប់ផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញ មានចំនួនប្រមាណ ១៥ពាន់លានដុល្លារ។
លោកក៏បានកត់សម្គាល់បន្ថែមថា វិស័យឧស្សាហកម្ម ក៏អាចនឹងរងផលប៉ះពាល់នូវបញ្ហាមួយចំនួន នៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលនឹងធ្វើឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ។ ដូច្នេះហើយវិស័យឧស្សាហកម្ម និងសិប្បកម្មនឹងជួបបញ្ហាប្រឈម ដូចជា ការកើនឡើងការប្រកួតប្រជែងជាមួយប្រទេសផ្សេង ការរិតបន្តឹងអនុលោមភាពច្បាប់ និងបទបញ្ញតិ្តនានា ការខ្វះខាតកម្លាំងពលកម្មជំនាញ បញ្ហាថ្លៃដឹកជញ្ជូន និងឡូជីស្ទិក ថ្លៃថាមពល ការវិវត្តនៃបច្ចេកវិទ្យាជឿនពេក ដែលតម្រូវឱ្យក្រសួងដាក់ចេញនូវទិសដៅការងារថ្មីក្នុងការដោះស្រាយ៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងឧស្សាហកម្ម