រយៈពេលមួយខែដំបូង វៀតណាមសម្រេចការនាំចេញកាហ្វេជិត ៨០០លានដុល្លារ

សមាគមកាហ្វេ-កាកាវវៀតណាមបានបញ្ចេញរបាយការណ៍មួយនាថ្ងៃទី០៨ ខែកុម្ភៈ ដោយអះអាងថា ការនាំចេញកាហ្វេក្នុងខែមករាមានចំនួន ១៥៤ ៦៣៥តោន សរុបជាទឹកប្រាក់ ៧៩៩,៥លានដុល្លារ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន VNExpress។

តាមដានជាមួយយើង៖ Million Times

ក្នុងរយៈពេលមួយខែដំបូងនេះ វៀតណាមបាននាំចេញគ្រាប់កាហ្វេឆៅ ១៣៧ ៥៦៨តោន សរុបជាទឹកប្រាក់ ៦៩៤,៩លានដុល្លារ ថយចុះបរិមាណប្រហែល ៣៨,២% ប៉ុន្តែតម្លៃនៃគ្រាប់កាហ្វេ ឡើងថ្លៃ ៨,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ស្របពេលការនាំចេញកាហ្វេកែច្នៃស្រាប់ សម្រេចបាន ១៧ ០៦៧តោន ទទួលបានទឹកប្រាក់ ១០៤,៦លានដុល្លារ។

វៀតណាម គឺជាប្រទេសផលិតកាហ្វេដ៏ឈ្ងុយឆ្ងាញ់បំផុតមួយលើពិភពលោក ហើយផលិតផលកសិកម្មមួយនេះ ក៏ជាប្រភពចំណូលដ៏ធំ សម្រាប់សរសៃឈាមសេដ្ឋកិច្ច របស់ប្រទេសក្នុងតំបន់អាស៊ានផងដែរ។

កាលពីឆ្នាំ២០២៤ វៀតណាមបាននាំចេញកាហ្វេសរុប ១,៣៥លានតោន រកចំណូលបាន ៥,៦២ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មីស្រឡាងមួយ ខណៈគោលដៅសម្រាប់ឆ្នាំថ្មី ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ មានបំណងបង្កើនការនាំចេញកាហ្វេ ឲ្យបាន១,៩៨លានតោនក្នុងឆ្នាំនេះ៕

អត្ថបទ៖ Luffy រូបភាព៖ Xinhua