ការដាក់ចេញនូវគោលនយោបាយ «សហគមន៍កសិកម្មទំនើប» គឺដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីប្រើប្រាស់រួម ក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញដោយសហគមន៍ផ្ទាល់។
ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល និងផ្តល់ការអនុគ្រោះបន្ថែម។


កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី «ឥណទានកសិកម្ម» ដោយមានការចូលរួមពីតំណាងសមាគមធនាគារនៃកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យ និងពិភាក្សាអំពី លទ្ធភាពពង្រីកប្រភពឥណទានសម្រាប់ «សហគមន៍កសិកម្មទំនើប» ដើម្បីជំរុញដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញនៅកម្ពុជា។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្ម សម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងការនាំចេញ។ ក្នុងទិសដៅនេះ ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប លោកបានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល និងផ្តល់ការអនុគ្រោះបន្ថែម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបង្ហាញស្មារតីចូលរួមគាំទ្រ និងជ្រោមជ្រែងគំនិតផ្តួចផ្តើមបង្កើតនិងអភិវឌ្ឍសហគមន៍កសិកម្មទំនើបនេះ តាមរយៈការជំរុញលើការរៀបចំកម្មវិធី គោលនយោបាយផ្សេងៗដែលអាចផ្តល់ការអនុគ្រោះបន្ថែមនិងលក្ខខណ្ឌពិសេស លើឥណទានកសិកម្ម។

លោក ទិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា «ការបង្កើតសហគមន៍កសិកម្មទំនើប» គឺចង់ជំរុញឱ្យសហគមន៍ កសិកម្មកាន់តែរីកចម្រើនប្រសើរជាងពេលបច្ចុប្បន្ន ជាពិសេសអាចជួយធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ ប្រជាសហគមន៍មានភាពល្អប្រសើរ។
បើតាមលោករដ្ឋមន្ត្រី «ការបង្កើតសហគមន៍កសិកម្មទំនើប» គឺជាការបង្កលទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមិនមានផ្ទះសំណាញ់ សម្រាប់ធ្វើផលិតកម្ម មិនមានលទ្ធភាពវិនិយោគ ទទួលបានឱកាសចូលជាសមាជិក និងទទួលបានការគាំទ្រ និងផលចំណេញទៅតាមទំហំដី កសិកម្មដែលបានដាក់ ចូលរួមក្នុងសហគមន៍ តែត្រូវមានភាពប្រាកដច្បាស់លាស់៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ NBC