មហាសេដ្ឋីផ្នែកកសិកម្ម ម៉ុង ឬទ្ធី មិនត្រឹមមានផ្ទៃដីដាំដុះរាប់ម៉ឺនហិកតា ហើយលោកជាអ្នកដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រផលិតផលកសិផលខ្មែរដូចគ្នាផងដែរ។
អ្នកជំនាញផ្នែកកសិកម្ម ម៉ុង ឫទ្ធី បានឲ្យដឹងពីថា ២ខែដំបូងនៃឆ្នាំ ២០២៥ នេះលោកបានចំណាយអស់ជាង១ លានដុល្លារដើម្បីប្រមូលទិញកសិផល ក៏ដូចជាការគាំទ្រកសិករឲ្យកសិករខ្មែរកាន់តែមានទីផ្សារ ហើយធ្វើឲ្យឧស្សាហកម្មរបស់ប្រទេសកម្ពុជារឹងមាំផងដែរ។
រយៈពេលជាង ២០ ឆ្នាំមកនេះ ស្ថាបនិកនៃក្រុមហ៊ុន Mong Rithy Group Ltd តែងតែជួយប្រជាកសិករ ដោយការទិញកសិផលរបស់ខ្មែរ ដើម្បីឲ្យអ្នកទាំងនោះមានទីផ្សារច្បាស់លាស់។ ដូច ២ ខែដំបូងនៃដើមឆ្នាំ ២០២៥ នេះ ពោលចាប់ពីថ្ងៃ១ ដល់ ៣១ ខែមករា ២០២៥ លោកបានទិញ ចុងអង្ករ ២ ០០០ តោន, ដំឡូងមីចំណិតហាលស្ងួត ៦៦៥ តោន និងកន្ទក់ ១៥០ តោន។
ចូលមកដល់ថ្ងៃ ២ ខែកុម្ភៈ ២០២៥ សេដ្ឋីល្បីឈ្មោះរូបនេះ បានសម្រេចបញ្ជាទិញបន្ថែមនូវចុងអង្ករ ១០០០ តោន សរុបតម្លៃប្រមាណ ១ ២០០ ០០០ ដុល្លារ (រួមទាំងថ្លៃដឹកជញ្ជូន។
ម្ចាស់រមណីយដ្ឋានអភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ថានេះមិនទាន់បានរាប់បញ្ចូលពីការទិញពោតក្រហមនៅឡើយទេ។ តែបើរាប់បញ្ចូលពោតក្រហមដែលបានប្រមូលទិញពីកសិករ ប្រមាណជា៦ ០០០ តោនជារៀងរាល់ឆ្នាំ ត្រូវចំណាយទឹកប្រាក់ប្រមាណជា ១ ៨០០ ០០០ ដុល្លារឯណោះ។
លោកបណ្ឌិត បានបញ្ជាក់ថា កសិផលទាំងអស់នោះ នឹងត្រូវបាននាំមកកែច្នៃនៅរោងចក្រចំណីសត្វរបស់ក្រុមហ៊ុនអឹមភិក មានទីតាំងនៅគីឡូម៉ែត្រ ១៥៨ ផ្លូវជាតិលេខ ៤, ឃុំតានៃ, ស្រុកព្រៃនប់, ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនេះសេដ្ឋីកសិកម្មបាន អំពាវនាវឲ្យអ្នកជំនួញ និងប្រជាជន គាំទ្រកសិផលខ្មែរ នឹងជួយធ្វើឲ្យកសិកររឹងមាំ អនាគតកសិកម្មរីកចម្រើន៕
អត្ថបទ៖ មេរ៉ា៖ រូបភាព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី