ចិនបន្ថែមថ្ងៃឈប់សម្រាកថ្ងៃចូលឆ្នាំ បំណងជំរុញការប្រើប្រាស់របស់ប្រជាជន

រដ្ឋាភិបាលចិនបានប្រកាសថា ក្នុងឱកាសបុណ្យចូលឆ្នាំនេះ បុគ្គលិកទាំងអស់នឹងទទួលបានថ្ងៃឈប់សម្រាកបន្ថែម រយៈពេលមួយថ្ងៃ ពោលក្នុងឆ្នាំនេះ អាចឈប់រហូតដល់ ៨ថ្ងៃ ខណៈកាលពីឆ្នាំមុនៗឈប់សម្រាកបានត្រឹម ៧ថ្ងៃប៉ុណ្ណោះ។

គេហទំព័រ Malaymail បានចុះផ្សាយថា ការបន្ថែមថ្ងៃឈប់សម្រាករបស់រដ្ឋាភិបាលចិន គឺមានគោលបំណងជំរុញការប្រើប្រាស់របស់ប្រជាជន បង្កើនកំណើនសេដ្ឋកិច្ចក្នុងប្រទេស ស្របពេលបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចនៃមហាអំណាចយក្សមួយនេះ កំពុងស្ថិតក្នុងសភាពស្រពិចស្រពិល។

តាមដានជាមួយយើង៖ Million Times

ជាទូទៅក្នុងពិធីបុណ្យចូលឆ្នាំចិនបែបនេះ គឺជាឱកាសសម្រាប់អាជីវកររកស៊ីផ្សេងៗកើបលុយ ដ្បិតប្រជាជនចិនមានទំនោរចាយវាយឥតសំចៃ ពេលជួបជុំគ្រួសារម្ដងៗ ដោយចំណាយលើការហូបចុកតាមភោជនីយដ្ឋាន ធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ។

អាជ្ញាធរចិនមានក្ដីសង្ឃឹមខ្ពស់ថា ការប្រើប្រាស់របស់ប្រជាជនក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មី រយៈពេល ៨ថ្ងៃ ពីថ្ងៃទី២៨ ខែមករា រហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ នឹងមានកំណើនគួរឲ្យកត់សម្គាល់ជាមិនខាន។

ដើម្បីជំរុញការប្រើប្រាស់របស់ប្រជាជន ទីក្រុងប៉េកាំងបានចាត់វិធានការជាច្រើនរួមមាន ការផ្សព្វផ្សាយគោលដៅទេសចរណ៍រដូវរងា និងធានានូវសំបុត្រយន្តហោះមានតម្លៃសមរម្យទូទាំងប្រទេសជាដើម។

ទោះជាយ៉ាងណា អាជីវករ ក៏ដូចជាប្រជាជនមួយចំនួនធំនៅតែមានការព្រួយបារម្ភពីការចាយវាយ ដ្បិតពួកគេយល់ថា ស្ថានភាពសេដ្ឋកិច្ចមិនទាន់មានភាពរឹងមាំ ស្របពេលទីផ្សារការងារនៅចិនកំពុងចង្អៀត ដូច្នេះការចាយវាយលើសលុបក្នុងពិធីបុណ្យចូលឆ្នាំ មិនមែនជាជម្រើសល្អសម្រាប់ពួកគេឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ China Briefing/ Reuters