ពាណិជ្ជកម្មទ្វេភាគីវៀតណាម និងសិង្ហបុរី សម្រេចបានទំហំខ្ពស់បំផុតមិនធ្លាប់មាន

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសវៀតណាម និងសិង្ហបុរី បានឈានដល់ចំណុចកំពូលថ្មីមិនធ្លាប់មានពីមុន ពោលកាលពីឆ្នាំ២០២៤ ប្រទេសទាំង ២សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ៣១,៦៧ពាន់លានដុល្លារសាំងហ្គាពួរ ឬប្រហែល ២៣,៥ពាន់លានដុល្លារអាមេរិក។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មានវៀតណាម VNExpress បានឲ្យដឹងថា ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសសិង្ហបុរីកាលពីឆ្នាំទៅ មានកំណើនគួរឲ្យកត់សម្គាល់ ពោលរយៈពេលពេញមួយឆ្នាំ វៀតណាមសម្រេចបានការនាំចេញ ៦,៣៥ពាន់លានដុល្លារអាមេរិក កើនឡើង ៣០,៨%។

ចំណែកឯការនាំទំនិញពីប្រទេសសិង្ហបុរីវិញ ក៏មានកំណើនវិជ្ជមានដូចគ្នា ដោយក្នុងឆ្នាំ២០២៤ វៀតណាមនាំចូលទំនិញសរុប ១៧,១៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រហែល ៣,២៤%។

តាមរយៈទិន្នន័យនៃពាណិជ្ជកម្មទ្វេភាគីនេះ បានរឹតចំណងពាណិជ្ជកម្មរវាងប្រទេសទាំង២ កាន់តែស្អិតល្មួតជាងមុន ពោលវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី១១ របស់សិង្ហបុរី ខណៈទីក្រុងសាំងហ្គាពួរក៏ជាទីផ្សារនាំចេញធំបំផុតទី១០ ប្រចាំប្រទេសវៀតណាមផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg