ដើមឆ្នាំនេះស្តេចក្រាញ់ជំនួញកសិកម្ម ទ្រី ភាព សម្រេចលទ្ធផលថ្មីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ

រោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូដើមថ្មី ព្រមទាំងសមិទ្ធផលផ្សេងៗទៀតរបស់ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត ដែលវិនិយោគពីលោកសេដ្ឋី ទ្រី ភាព បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ 

តាមដានជាមួយយើង៖ Million Times

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លើកឡើងថា សមិទ្ធផលនេះនឹងជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងនៅក្នុងខេត្តព្រះវិហារ និងទូទាំងប្រទេស។ 

ផ្សារភ្ជាប់ជាមួយនឹងការលើកឡើងរបស់អភិបាលខេត្តព្រះវិហារ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍ។

ជាមួយគ្នានេះ លោកបានបង្ហាញការគាំទ្រ ក្រុមហ៊ុន ទ្រី ភាព អុឹមផត អិចផត ឯ.ក និងក្រុមហ៊ុនដ៏ទៃទៀត ដែលបានកំពុងបោះទុនវិនិយោគ ក្នុងវិស័យកសិកម្ម ព្រមទាំងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើន ដើម្បីបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ចំណែក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលេចអំពីភាពសំខាន់នៃការចូលរួមរបស់វិស័យឯកជន ដែលបានអនុវត្តការងារស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញវិស័យឯកជនអនុវត្ត និងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើង និងការធ្វើទំនើបកម្មផ្នែកកសិ-ឧស្សាហកម្ម ក៏ដូចជាការជំរុញឱ្យមានការវិនិយោគលើកសិផលកែច្នៃ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងមុខងារសាធារណៈ