ផលប៉ះពាល់នៃសេដ្ឋកិច្ចថៃពីការបាត់បង់ឱកាសផ្សេងៗ បង្កដោយបញ្ហាអាកាសធាតុ ពោលគឺអត្រាជាតិពុលក្នុងខ្យល់មានកំហាប់ខ្ពស់ ដែលបានកើតឡើងក្នុងទីក្រុងបាងកក រយៈពេលជាងមួយខែមកនេះ ទំនងកើនរហូតដល់ ៣ពាន់លានបាត ឬប្រហែល ៨៩,៤លានដុល្លារ។ នេះបើតាមការព្យាករណ៍ពីស្ថាប័នស្រាវជ្រាវ Kasikorn Research Centre (KRC)។


ជាមួយគ្នា សារព័ត៌មានថៃ Thai PBS World ក៏បានចុះផ្សាយដែរថា កំហាប់ជាតិពុល PM2.5 ដែលមាននៅក្នុងទីក្រុងបាងកក បានធ្វើឲ្យប្រជាជនចំណាយកាន់តែច្រើនលើការថែទាំសុខភាព ដូចជាចំណាយលើការទិញម៉ាស និងម៉ាស៊ីនបន្សុទ្ធខ្យល់ជាដើម។
ទោះជាការចំណាយទាំងនោះ បានបង្កើនចំណូលក្នុងវិស័យអាជីវកម្មពិតមែន ប៉ុន្តែប្រជាជនបានបាត់បង់ឱកាសជាច្រើន ដោយសារពួកគេចាយលុយក្នុងគោលបំណងផ្សេង ខុសពីផែនការដែលបានគ្រោងទុក។
ផលប៉ះពាល់នៃសេដ្ឋកិច្ចថៃ ត្រូវបានព្យាករផ្អែកតាមទិន្នន័យប្រជាជន ២,៤លាននាក់នៅទីក្រុងបាងកក ដែលកំពុងជួបបញ្ហាអាឡែកហ្ស៊ី និងជំងឺផ្លូវដង្ហើម បង្កឡើងដោយបញ្ហាជាតិពុលក្នុងខ្យល់។ ពាក់កណ្ដាលនៃចំនួនប្រជាជនទាំងនោះ ត្រូវជួបជាមួយគ្រូពេទ្យយ៉ាងតិចមួយខែម្ដង ខណៈថ្លៃចំណាយខ្ទង់ប្រហែល ២ ០០០បាតក្នុងម្នាក់។
ផ្អែកតាមការអះអាងពី KRC បានសង្កត់ធ្ងន់ថា ផលប៉ះពាល់សេដ្ឋកិច្ចថៃ ទំនងមានកំណើនខ្ពស់ជាងនេះថែមទៀត ដោយសារកត្តាមួយចំនួនរួមមាន ការបិទសាលារៀនបណ្ដោះអាសន្ន ការរាំងស្ទះវិស័យទេសចរណ៍ និងការធ្វើការពីផ្ទះ អំឡុងពេលកើតមានបញ្ហាជាតិពុលក្នុងខ្យល់នេះជាដើម៕
អត្ថបទ៖ Luffy រូបភាព៖ AseanNow