ក្រុមហ៊ុនប៉ូឡូញ LipCo Foods បង្ហាញផែនការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់។ ការបង្ហាញផែនការរបស់ក្រុមហ៊ុនធ្វើឡើងនាជំនួបពិភាក្សាការងារជាមួយអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទាក់ទងនឹងកិច្ចការងារវិនិយោគ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន ដែលបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។


ក្នុងជំនួបនាព្រឹកថ្ងៃចន្ទនេះ លោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន LipCo Foods បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងបានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនខ្លួន ក្នុងផលិតកម្មកែច្នៃចំណីអាហារដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយបានបញ្ជាក់អំពីភូមិសាស្រ្តប្រទេសប៉ូឡូញ ដែលសម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំ ដូចជា ការចិញ្ចឹមជ្រូកយកសាច់ និងការដាំដំណាំផ្លែប៉ោមជាដើម។
ទន្ទឹមនឹងនេះលោកក៏បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។
ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា លោកបានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការពន្លឿនផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យលេចចេញជារូបរាងកាន់តែឆាប់រហ័ស៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC