បក្សកាន់អំណាច៖ សេដ្ឋកិច្ចកម្ពុជាកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិកូវីដ-១៩

គណបក្សកាន់អំណាច កត់សម្គាល់ឃើញថា ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងអត្រាកំណើន ៦,៣% ដែលឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចកម្ពុជាកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិកូវីដ-១៩វិញ។

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា CPP ដែលប្រើពេលអស់ ២ថ្ងៃពេញ បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។

តាមដានជាមួយយើង៖ Million Times

លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២៦ ខែមករានេះ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០% អតិផរណាមានអត្រាទាប ០,៨% អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុងអន្តរជាតិបានកើនឡើងដល់ $២២ ៥១១លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ៧ខែ ក្នុងឆ្នាំ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។

អង្គសន្និបាតបញ្ជាក់បន្ថែមថា លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី $២ ៥២០ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ $២ ៧១៣ដុល្លារក្នុងឆ្នាំ២០២៤។ លើមូលដ្ឋានការរីកចម្រើនក្នុងឆ្នាំ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបាន រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។ ឆ្លងតាមការវិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិកូវីដ-១៩វិញ។

ស្ថាប័ន​រូបិយប័ណ្ណ​ពិភពលោក ឬ IMF បាន​ព្យាករណ៍​ថា សម្រាប់​ឆ្នាំ​២០២៥ សេដ្ឋកិច្ច​កម្ពុជា រំពឹង​ថា នឹង​មាន​កំណើន​ក្នុង​រង្វង់​ ៥,៧៥% ដែល​បន្ត​គាំទ្រ​ដោយ​វិស័យ​បម្រើ​ដល់​ការ​នាំ​ចេញ និង​ការ​បន្ត​រក្សា​បាន​កំណើន​ល្អ​នៃ​វិស័យ​ទេសចរណ៍ និង​កសិកម្ម ។

ចំណែក​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​កម្ពុជា នៅ​កម្រិត​៥,៨% សម្រាប់​ឆ្នាំ​២០២៤ និង​៦% សម្រាប់​ឆ្នាំ​២០២៥៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CPP