រាជរដ្ឋាភិបាលតាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤២គម្រោង ដែលមានទុនសរុប ៥៦៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧ ៣០៨កន្លែង។
នៅថ្ងៃទី២៣ ខែមករានេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី១៣ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ហើយក៏ជាលើកទី១ សម្រាប់ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»។
ក្នុងកិច្ចប្រជុំនោះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៤២គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ។
ថ្មីៗនេះ រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងវិនិយោគនៅខេត្តព្រះសីហនុចំនួន ២១៣គម្រោង ទទួលបានការលើកទឹកចិត្តពិសេស ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន១០១គម្រោង, គម្រោងថ្មីមានចំនួន ៨៩គម្រោង, ការពង្រីកគម្រោងមានចំនួន ១៩គម្រោងមនិងគម្រោងមានស្រាប់មានចំនួន៤គម្រោង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ