ក្នុងគោលបំណងជំរុញឱ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចកាន់តែច្រើន និងមានសម្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែមទៀត រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ការយល់ព្រមឱ្យបន្តអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ធុរជន និងវិនិយោគិនដែលស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពក្នុងឆ្នាំ២០២៥ រួមមាន៖ ទី១ ពាក់ព័ន្ធនឹងអគារជាប់គាំង ទី២ ដែលមិនពាក់ព័ន្ធអគារជាប់គាំង និងទី៣ ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចដែលមានស្រាប់ក្នុងខេត្តនឹងទទួលបាននូវ«អត្ថប្រយោជន៍ពិសេស» ជាអាទិ៍ ការសម្របសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា។
គូរឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងវិនិយោគនៅខេត្តព្រះសីហនុចំនួន ២១៣គម្រោង ទទួលបានការលើកទឹកចិត្តពិសេស ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ១០១គម្រោង, គម្រោងថ្មីមានចំនួន ៨៩គម្រោង, ការពង្រីកគម្រោងមានចំនួន ១៩គម្រោងមនិងគម្រោងមានស្រាប់មានចំនួន ៤គម្រោង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ