កំពង់ផែភ្នំពេញ និងកំពង់ផែព្រះសីហនុ រកចំណូលបាន ១៤៧.៦៨លានដុល្លារនៅឆ្នាំ២០២៤

កំពង់ផែយុទ្ធសាស្រ្តធំៗពីររបស់កម្ពុជា គឺកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ស្វយ័តខេត្តព្រះសីហនុ សម្រេចបានចំណូលប្រមាណ ១៤៧.៦៨លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៤។ 

របាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានការដឹកជញ្ជូនឆ្លងកាត់ផែនាំចេញ-នាំចូល មានចំនួនសរុប ៤,៥១លានតោន និងទទួលបានចំណូលសរុបប្រមាណ ៤៣,៤៥លានដុល្លារ កើនឡើង ១៦,៦០ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧,២៧លានដុល្លារខណៈដែលកំពង់ផែព្រះសីហនុទទួលចំណូលបានចំនួន ១១០,៣៨ លានដុល្លារ កើនឡើង ២៤,១២% ធៀបនឹងឆ្នាំ២០២៣។

តាមដានជាមួយយើង៖ Million Times

បើតាមរបាយការណ៍ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនេះ ក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជី ១) នាវាផ្លូវទឹកចំនួន ២៦ គ្រឿង និង ២)នាវាផ្លូវសមុទ្រចំនួន ១០គ្រឿង ក្នុងនោះទទួលបានចំណូលសរុបពីការផ្ដល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១ លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ១៩៦លានរៀល។ 

ជាមួយគ្នានេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៩,៦០លានតោន និងទទួលបានចំណូលសរុបប្រមាណ ១១០,៣៨លានដុល្លារអាម៉េរិក កើនឡើង ២៤,១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨៨,៩៤លានដុល្លារអាមេរិក។ 

ចំណែកកំពង់ផែស្វយ័តភ្នំពេញ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៤,៥១លានតោន និងទទួលបានចំណូលសរុបប្រមាណ ៤៣,៤៥លានដុល្លារអាម៉េរិក កើនឡើង ១៦,៦០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧,២៧ លានដុល្លារអាមេរិក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ