បញ្ហាទីផ្សារស្រូវកម្ពុជានៅតែសំខាន់សម្រាប់ប្រជាកសិករ ពិសេសបញ្ហាតម្លៃស្រូវ OM ដែលមានការធ្លាក់ថ្លៃខ្លាំងឆ្នាំនេះ។ ក្រសួងកសិកម្មក៏បានលើកឡើងពីចំណាត់ការ ដោះស្រាយការធ្លាក់ថ្លៃស្រូវ OM និងវិធានការផ្សេងៗ សម្រាប់ជួយដល់កសិករខ្មែរជាបន្តបន្ទាប់ ហើយមួយក្នុងចំណោមយុទ្ធសាស្រ្តជាច្រើន ខាងក្រសួងបានជំរុញឲ្យកសិករងាកមកដាំពូជស្រូវសែនក្រអូបវិញ ដែលមាន តម្លៃខ្ពស់ដល់ទៅ ១៣០០៛/គីឡូក្រាម។


ក្នុងនោះអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានធ្វើការងារយ៉ាងសកម្ម ដើម្បីពន្យល់ និងណែនាំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ «ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា» មានផលល្អដល់ទាំងកសិករ ហើយក៏ជួយដល់សេដ្ឋកិច្ចជាតិថែមទៀតផង។
ក្នុងវីដេអួលោក ឃឹម ហ្វីណង់ បានរៀបរាប់ពីអត្ថប្រយោជន៍ «ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា» មិនថាសែនក្រអូប ឬផ្ការំដួលឡើយ។ លោកបញ្ជាក់ថា គោលការណ៍របស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងលើកទឹកចិត្តឲ្យកសិករប្រើប្រាស់ពូជរបស់ខ្មែរ។ ព្រោះអាចកែច្នៃជាអង្ករអាចនាំចេញបាន ដែលធ្វើឲ្យមានតម្លៃបន្ថែមខ្ពស់ជាង ហើយបើប្រើពូជរបស់គេ ភាគច្រើននាំចេញជាស្រូវ និងសើមទៀត ហើយមិនអាចនាំចេញអង្ករពូជរបស់គេទេ។

ចំណុចមួយទៀត បើកសិករប្រើប្រាស់ពូជក្នុងស្រុកមានបញ្ហា រដ្ឋអាចមានអន្ទរាគមន៍បានច្រើន ព្រោះមានគោលនយោបាយគាំទ្រ (បើសិនមានបញ្ហារដ្ឋទម្លាក់កញ្ចប់ថវិការឲ្យខាងរោងម៉ាស៊ីន)។ មិនតែប៉ុណ្ណោះនៅមានរឿងជាច្រើនទៀតដូចខាងក្រោម៖
▪️- មានស្ថេរភាពថ្លៃ
▪️- មានការធានាពីទីផ្សារក្នុងស្រុក
▪️- មានបណ្តាញពូជសុទ្ធ
▪️- បង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ
▪️- ជួយធានាសន្តិសុខស្បៀង
▪️- ជាមោទនភាពជាតិ
▪️- ប្រើពូជខ្មែរ មានគោលនយោបាយគាំទ្រ និងអាចជួយអន្តរាគមន៍បានក្នុងករណីចាំបាច់៕
អត្ថបទ៖ មេរ៉ា,រូបភាព៖ Khim Finan