ក្រសួងកសិកម្មទម្លាក់ទុន ៥ លានដុល្លារ និងឲ្យកសិករដាំពូជស្រូវសែនក្រអូបវិញ តម្លៃ ១៣០០៛/គីឡូក្រាម

បច្ចុប្បន្ន​ទីផ្សារ​ស្រូវ អូអឹម ​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង ក្រោយ​ពី​ខាង​វៀតណាម​ដែល​ជា​អ្នក​ប្រមូល​ទិញ ក៏​កំពុង​ធ្លាក់​តម្លៃ​ដូច​គ្នា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កសិករ​កម្ពុជា ដាំដុះ​ពូជ​ស្រូវ​ប្រភេទ​នេះ​មែនទែន។

តាមដានជាមួយយើង៖ Million Times

ជាមួយ​ដំណោះស្រាយ ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស និង​ណែនាំ​​កសិករ​ងាក​មក​ធ្វើ​ស្រូវ​ជា​លក្ខណៈ​សហគមន៍​វិញ ហើយ​ដាំ​ស្រូវ​កម្ពុជា​សែន​ក្រអូប​ដែល​កំពុង​មាន​ទីផ្សារ​ស្រាប់។ ដូច​ដែល​ប្រជា​កសិករ​មក​ពី​ឃុំ​អូរកន្ទរ និង​ឃុំ​ស្រយ៉ូវ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ ស្ម័គ្រ​ចិត្ត​រួម​គ្នា​ជាមួយ​ឃុំ​កំពង់​គោ ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប​ខ្នាត​ធំ ផលិត​ស្រូវ​សែន​ក្រអូប​របស់​កម្ពុជា​លើ​ផ្ទៃ​ដី ៥០០០ ហិកតា ក្នុង​តម្លៃ​កុងត្រា​ទុក​ជា​មុន​ចាប់​ពី ១៣០០៛/គីឡូក្រាម​ឡើង​ទៅ។

មិន​ត្រឹម​តែ​មាន​តម្លៃ​កុងត្រា​ទុក​មុន​ល្អ​ទេ ខាង​ក្រសួង​កសិកម្ម នឹង​ដាក់​ទុន​ឲ្យ​សហគមន៍​ខ្ចី ក្នុង​រង្វង់ ៥ លាន​ដុល្លារ ​ដោយ​មិន​ចាំ​បាច់​ឲ្យ​កសិករ​ជា​សមាជិក​ពិបាក​ជាប់​បំណុល​គេ ឬ​ត្រូវ​ដាក់​ទុន​ដោយ​ខ្លួន​ឯង​ឡើយ។ នេះ​គឺ​ជា​ដំណោះ​ស្រាយ​បន្ទាន់​របស់​ថ្នាក់​ដឹកនាំ​ព្យាយាម​ផ្ដល់​ជូន​ប្រជា​កសិករ​យើង ​ដែល​ធ្លាប់​តែ​ដាំ​ពូជ​ស្រូវ​របស់​ប្រទេស​វៀតណាម ហើយ​កំពុង​ពិបាក​រក​ទីផ្សារ និង​មិន​ទទួល​បាន​តម្លៃ​ល្អ។

ក្នុង​នោះ​ថ្នាក់​ដឹកនាំ អំពាវនាវ​ថា បើ​អាណិត​កសិករ​យើង​ ហើយ​ពិត​ជា​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​មែន​ សូម​ជួយ​ផ្សព្វផ្សាយ​ឲ្យ​កសិករ​ងាក​មក​រួម​គ្នា​ជា​សហគមន៍ និង​ដាំ​ពូជ​អង្ករ​ក្រអូប​របស់​ខ្មែរ ជា​ជា​ង​ការ​នៅ​តែ​បន្ត​ដាំ​ពូជ​របស់​គេ ​ដែល​ពិបាក​ទាំ​ង​ទីផ្សារ ពិបាក​ទាំង​ការ​អន្តរាគមន៍​ជួយ​ពេល​មាន​បញ្ហា។

នេះ​ជា​ពេល​ខ្មែរ​យើង​ត្រូវ​ចេះ​រួម​គ្នា ទ​ទួល​ស្គាល់​ឫសគល់​នៃ​បញ្ហា ចាប់​យក​ទីផ្សារ​មក​ទុក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង ​ហើយ​រៀន​ម្ចាស់​ការ​លើ​ជោគវាសនា​របស់​ខ្លួន​ដោយខ្លួន​ឯង​ហើយ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ឃឹម ហ្វីណង់