នៅសល់ត្រឹមតែ ៦ថ្ងៃទៀតប៉ុណ្ណោះ លោក Donald Trump នឹងឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិកលើកទី២ ខណៈអ្នកវិភាគសេដ្ឋកិច្ចជាច្រើនរូប បានបង្ហាញការយល់ឃើញរៀងៗខ្លួន ពីអនាគតសេដ្ឋកិច្ចរបស់អាមេរិកក្រោមកណ្ដាប់ដៃមេដឹកនាំថ្មី។
ក្នុងនោះសេដ្ឋវិទូ David Kass សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុនៃសកលវិទ្យាល័យ Maryland’s Robert H. Smith School of Business បានព្យាករពីស្ថានភាពសេដ្ឋកិច្ចអាមេរិក ក្រោមការដឹកនាំរបស់លោក Trump ដោយបែងចែកជា ៥ចំណុចធំៗរួមមាន៖
1/កំណើនសេដ្ឋកិច្ច
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ ទំនងសម្រេចបាន ២% ខណៈអត្រាប្រជាជនអត់ការងារធ្វើ នឹងថយចុះពី ៤,២% ទៅ ៤,៣%។ ក្នុងឆ្នាំ២០២៥ នឹងមិនមានសញ្ញា នៃការកើតមានវិបត្តិសេដ្ឋកិច្ចឡើយ។
2/ហានិភ័យអតិផរណា
ការកើតមានវិបត្តិអតិផរណា ជារឿងពិបាកជៀសផុត ដ្បិតផែនការរបស់លោក Trump រួមបញ្ជូលនូវការដំឡើងពន្ធគយ ការកាត់បន្ថយពន្ធសាជីវកម្ម និងការនិរទេសជនអន្តោប្រវេសន៍មួយចំនួនធំ ដែលទំនងបណ្ដាលឲ្យតម្លៃទំនិញមានការកើនឡើងខ្លាំង។
3/ភាពមិនច្បាស់លាស់នៃការធ្វើពាណិជ្ជកម្ម
សង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មរបស់អាមេរិក ទំនងជួបប្រទះភាពរាំងស្ទះមួយចំនួន ដោយសារការគំរាមកំហែងទារពន្ធបន្ថែមពីលោក Trump។ នៅក្នុងឆ្នាំ២០២៥ ប្រទេស និងក្រុមហ៊ុនមួយចំនួន ទំនងធ្វើកំណែទម្រង់សង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីគេចពីការដំឡើងពន្ធរបស់អាមេរិក។
4/ការគ្រងម្កុដជាមហាអំណាចសេដ្ឋកិច្ច
លោក Kass បានអះអាងថា ទោះជាសេដ្ឋកិច្ចអាមេរិកប្រឈម ជាមួយហានិភ័យមួយចំនួនក្ដី ក៏ប៉ុន្តែពួកគេនឹងនៅតែជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក ដ្បិតកន្លងមកទោះជួបព្យុះភ្លៀងប៉ុណ្ណា ក៏ស្ថានភាពសេដ្ឋកិច្ចអាមេរិកមានភាពល្អប្រសើរជាបណ្ដាប្រទេសមួយចំនួន នៅតំបន់អាស៊ី និងអឺរ៉ុបដដែល។
5/ផលប៉ះពាល់ឧស្សាហកម្មរយៈពេលខ្លី
ការគំរាមដំឡើងពន្ធលើដៃគូពាណិជ្ជកម្មធំៗដូចជា កាណាដា ម៉ិកស៊ិក និងចិន នឹងផ្ដល់ផលប្រយោជន៍ដល់វិស័យមួយចំនួនភ្លាមៗ ក៏ប៉ុន្តែវាមិនមែនជារឿងចំណេញធំឡើយ បើសិនជាអាមេរិកចង់បានប្រយោជន៍ក្នុងរយៈពេលវែង។ បើអាមេរិកដំឡើងពន្ធកាន់តែច្រើន លើដៃគូពាណិជ្ជកម្ម នោះឧស្សាហកម្មក្នុងស្រុក នឹងមានផលចំណេញច្រើន ក៏ប៉ុន្តែតម្រូវការអតិថិជន ទំនងមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ បង្កជាការកើតមានអតិផរណា និងការឡើងថ្លៃកម្លាំងពលកម្មជាដើម៕
អត្ថបទ៖ Luffy រូបភាព៖ Trump Organization