រាជរដ្ឋាភិបាលសម្រេចលើកលែងអាករពិសេសលើផលិតផលស៉ីម៉ង់ត៍ក្នុងស្រុកដល់បំណាច់ឆ្នាំ២០២៦

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចលើកលែងអាករពិសេស លើផលិតផលស៉ីម៉ង់ត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន នៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤។

បើតាមក្រសួងសេដ្ឋកិច្ច ការសម្រេចនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក ដោយត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេសតាមអត្រា ៥ភាគរយ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦។

សេចក្តីប្រកាសព័ត៌មានសេដ្ឋកិច្ចបញ្ជាក់ថា សហគ្រាសផលិតស៊ីម៉ងត៍ ក្នុងស្រុកទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំ រួមទាំងពន្ធ-អាករដែលត្រូវបានចាត់ទុកជា បន្ទុករបស់រដ្ឋមកអគ្គនាយកដ្ឋានពន្ធដារ។ ត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជា ការបង់ពន្ធ-អាករផ្សេងទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថាននិងសង្គម ជាដើម។ និងត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងថ្លៃដើម សមត្ថភាព ផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅ បុគ្គលិកក្នុងស្រុក និងការចូលរួមកិច្ចការសង្គម៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម