២០២៤ រដ្ឋអនុម័តគម្រោងវិនិយោគសរុប ៤១៤គម្រោងមានទុន ៦,៩ពាន់លានដុល្លារអាម៉េរិក

ក្នុងរយៈពេលមួយឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជិត ៣២ម៉ឺនកន្លែង។

នៅថ្ងៃចន្ទ ទី១៣ ខែមករានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា ក្នុងឆ្នាំ២០២៤ ខ្លួនបានបំបែកកំណត់ត្រាប្រចាំឆ្នាំទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីមានចំនួន ៣៨៧គម្រោង ខណៈដែលគម្រោងពង្រីកផលិតកម្មមាន ២៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបចំនួន ៦,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជិត ៣២ម៉ឺនកន្លែង។

CDC បញ្ជាក់ថា ចំនួនគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោងក្នុងឆ្នាំ២០២៤ ឃើញថាមានកំណើនកើនឡើង ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្នើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

បើតាម CDC ក្នុងឆ្នាំ២០២៤ វិស័យកម្មន្តសាលនៅតែបន្តឈានមុខគេដែលចូលរួមចំណែកស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្នើនឹងប្រមាណ ៩៥%នៃចំនួនវិនិយោគសរុបជាមួយទុនវិនិយោគប្រមាណ ៤,៨ពាន់លានដុល្លារអាម៉េរិក។ 

សូមបញ្ជាក់ថា ក្រុមវិនិយោគិនចិន ជាប់ឈ្មោះដែលបានវិនិយោគច្រើនជាងគេលំដាប់លេខរៀងទី១ នៅកម្ពុជាក្នុងឆ្នាំ២០២៤ ខណៈកម្ពុជាលេខរៀងទី២ និងវៀតណាមលេខរៀងទី៣៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកនាយករដ្ឋមន្រ្តី