ពាណិជ្ជករវ័យក្មេងពោរពេញដោយសមត្ថភាពមួយរូបដែលបានបញ្ចប់ការសិក្សាពីចក្រភពអង់គ្លេស បច្ចុប្បន្នកំពុងដឹកនាំអាជីវកម្មមិនក្រោម ១០នៅក្នុងដៃ។ មានខ្សែស្រឡាយជាកូនអ្នករកស៊ី ឧកញ៉ា ឈាង សុវណ្ណរតនៈ មានឱកាសទទួលបានការអប់រំនៅប្រទេសជឿនលឿន ក្រោយបញ្ចប់ការសិក្សាលោកបានត្រឡប់មកកម្ពុជាវិញ ដើម្បីប្រឡូកក្នុងមុខជំនួញឲ្យបានពេញដៃពេញជើង។
ធ្លាប់បង្ហើបប្រាប់គេហទំព័រ Million Times ឧកញ៉ា ឈាង សុវណ្ណរតនៈ លើកឡើងថា លោកបានចាប់ផ្តើមអាជីវកម្មតាំងពីពេលខ្លួនជានិស្សិតពេលកំពុងសិក្សានៅចក្រភពអង់គ្លេសមកម្លេះ ដែលមានឈ្មោះថា អ ធី អិន ខេ ប្រ៊ូវខហ្វហ្វី BREW Coffee & Restaurant ក្នុងឆ្នាំ២០១៦។
ឧកញ៉ា ឈាង សុវណ្ណរតនៈ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ រីហ្គេន (Regent’s University London) ចក្រភពអង់គ្លេស បច្ចុប្បន្នជាប្រធានសាជីវកម្មឈ្មោះ RTNK Group ដែលរកស៊ីចម្រុះវិស័យ ពិសេសក្នុងមុខជំនួញផ្នែកវិស័យម្ហូបអាហារ ភេសជ្ជៈ និងឋាមពល។ RTNK Group បង្កើតឡើងក្នុងឆ្នាំ២០២២ ជាក្រុមហ៊ុនមេដែលមានបុត្តសម្ព័ន្ធធំៗចំនួន ៣ ចម្រុះវិស័យ ដូចជា RTNK Investment Co,. Ltd , RTNK Retail Co,. Ltd និង RTNK Food & Beverage ។
យោងលើឯកសារបញ្ជីឈ្មោះបុត្តសម្ព័ន្ធក្រុមហ៊ុន RTNK Group តាមវិស័យ RTNK Investment Co,. Ltd មានអាជីវកម្មចំនួន ៣ រួមមាន៖ PTT Station , Café Amazon ស្ថិតលើផ្លូវ ៥០ម៉ែត្រតំបន់ព្រែកហូរ និងក្លឹបកីឡាផ្លាទីនីម (Platinum Sports Club) នៅខណ្ឌជ្រោយចង្វារ។ សម្រាប់ផ្នែក RTNK Retail Co,. Ltd មានក្រុមហ៊ុនចំណុះចំនួន ២ គឺ 7-Eleven និងហាងសម្លៀកបំពាក់ Cartenz Tactical Cambodia ដែលជាប្រេនដៃគូផ្តាច់មុខ និងតែមួយគត់នាំយកពីប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅក្នុងបុរី ប៉េងហួត បឹងស្នោរ។
ចំណែកផ្នែកអាហារ និងភេសជ្ជៈ រួមមាន Brew Coffee, Brew Park Restaurant, Brew Catering Service, Brew Coffee and Lounge, Brew Meatballs ។
ក្រុមហ៊ុន RTNK Group ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ គឺឧកញ៉ា ឈាង សុវណ្ណរតនៈ កូនប្រុសរបស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ RTNK Group មានការិយល័យកណ្តាលរបស់ខ្លួន ស្ថិតនៅបុរីប៉េងហួត ដឺស្តារមេរាហ្គាដិន (ផ្លូវ៥០ម៉ែត្រ) ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេក RTNK Group