នៅថ្ងៃ១០ ខែមករា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញផ្សាយឲ្យដឹងពី ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់កម្ពុជា បានឈានដល់ ៥៤.៧៤ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០២៤។ នេះមានន័យថា បានកើនឡើង ១៦,៩% ពីចំនួន ៤៦.៨២ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៣។
កំណើនឡើងជិត ១៧% នៃទំហំពាណិជ្ជកម្មនាំចេញ-នាំចូល របស់កម្ពុជា ជាការឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចរឹងមាំ និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ កាន់តែរីកចម្រើនជាបន្តបន្ទាប់ផងដែរ។ ទិន្នន័យបង្ហាញដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញយ៉ាងលម្អិត ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៤ កម្ពុជា បាននាំចេញមុខទំនិញនានាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក មានទំហំទឹកប្រាក់សរុបប្រមាណ ២៦.១៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥.៧% ខណៈការនាំចូលមុខទំនិញផ្សេងៗត្រឡប់មកវិញ មានទំហំទឹកប្រាក់សរុបប្រមាណ ២៨.៥៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨% បើធៀបនឹងឆ្នាំ ២០២៣។
កំណើនទំហំពាណិជ្ជកម្ម ពិតជាឆ្លុះបញ្ចាំងកាន់តែប្រសើរឡើងនៃសង្វាក់ផលិតកម្មក្នុងស្រុក និងភាពធន់សេដ្ឋកិច្ចកម្ពុជា ព្រមទាំងការងើបឡើងជាបណ្ដើរៗនៃ សេដ្ឋកិច្ចរបស់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា មានដូចជា អាមេរិក,ចិន និងបណ្តាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប និងអាស៊ាន។
ងាកមកមើលមុខទំនិញសំខាន់ៗរបស់កម្ពុជា ដែលត្រូវនាំចេញទៅកាន់ទីផ្សារអន្តរជាតិមាន ជាផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ, ផលិតផលកសិកម្ម មានដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមីកៅស៊ូ, គ្រឿងសង្ហារិម, សំបកកង់រថយន្ត, បន្ទះសូឡា, កង់, សម្ភារៈអគ្គិសនី, គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបង្គំយានយន្ត ជាដើម។
ចំណែកមុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចូលវិញ មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ប្រេងឥន្ធនៈ, គ្រឿងអេឡិចត្រូនិក, យានយន្ត គ្រឿងចក្រ, សម្ភារៈសំណង់, គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង ឱសថ និងបរិក្ខាពេទ្យ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Gov