រដ្ឋាភិបាលចិនដាក់ចេញផែនការថ្មី ដើម្បីជំរុញតម្រូវការអតិថិជន

រដ្ឋាភិបាលចិនបានប្រកាសនូវផែនការថ្មី ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋយកសម្ភារៈផ្ទះបាយចាស់ៗ មកដូរនៅហាងលក់ទំនិញ ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ២០% សម្រាប់ការទិញទំនិញថ្មីៗ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយថា ផែនការថ្មីរបស់រដ្ឋាភិបាលចិន បង្កើតឡើងដើម្បីជំរុញតម្រូវការអតិថិជន ដែលកំពុងមានកំណើនយឺត ក៏ដូចជាជួយស្ដារស្ថានភាពសេដ្ឋកិច្ច ដែលមានភាពស្រពិចស្រពិលផងដែរ។

បញ្ជីសម្ភារៈផ្ទះបាយ ដែលប្រជាជនចិនអាចយកទៅប្ដូរជាប័ណ្ណបញ្ចុះតម្លៃរួមមាន ម៉ាស៊ីនដុត ម៉ាស៊ីនលាងចាន ឆ្នាំងដាំបាយអគ្គិសនី និងធុងបន្សុទ្ធទឹកជាដើម។ រដ្ឋាភិបាលចិន បានត្រៀមកញ្ចប់ទឹកប្រាក់ ៨១ពាន់លានយ៉ន់ ឬប្រហែល ១១ពាន់លានដុល្លារ ដើម្បីអនុវត្តវិធានការថ្មីនេះ។

យោងតាមការអះអាងពីក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ចាប់តាំងពីអនុវត្តផែនការថ្មីមក វាបានជួយបង្កើនការលក់នៅក្នុងស្រុកមួយចំណែកធំ ដោយប្រជាជនចាប់ផ្ដើមនាំគ្នាទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះទំនើបៗ និងថែមទាំងយកប័ណ្ណបញ្ចុះតម្លៃទាំងនោះ ទៅទិញរថយន្តថែមទៀត។

ទោះជាការលក់ក្នុងស្រុកហាក់ងើបឡើងបន្តិចមែន តែក្រុមសេដ្ឋកិច្ចវិទូមួយចំនួនបង្ហាញការបារម្ភថា វិធានការមួយនេះ នឹងអាចជួយសម្រួលបន្ទុករដ្ឋាភិបាលបានតែមួយចំណែកតូចប៉ុណ្ណោះ ដ្បិតបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចនៅចិន កំពុងប្រឈមនឹងវិបត្តិធំៗចំនួន២ គឺតម្រូវការអតិថិជនខ្សោយ និងវិបត្តិអចលនទ្រព្យ ដែលកំពុងផុងក្នុងរណ្ដៅយ៉ាងជ្រៅ៕

អត្ថបទ៖ Luffy រូបភាព៖ BBC