ក្នុងជំនួបជាមួយក្រុមវិនិយោគិនរកស៊ីក្នុងវិស័យស្រូវអង្ករសម្ដេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យបន្តជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែង។
ក្នុងពេលអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានសន្ដិភាពនាព្រឹកថ្ងៃពុធ ខែមករានេះសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។
សម្ដេចនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ។
ក្នុងឱកាសនោះ សម្ដេចបានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់ ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជា ឱ្យបានទូលំទូលាយ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកនាយករដ្ឋមន្រ្តី