នៅឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅប្រមូលចំណូលពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាប័ណ្ណ ឲ្យបានជាង ៧០ លានដុល្លារ ខណៈកាលពីឆ្នាំមុនកម្ពុជាប្រមូលចំណូលពីវិស័យនេះបានជាង ៦០ លានដុល្លារ ដែលនេះមានការកើនឡើង ៨៥% បើធៀបទៅនឹង ២០២៣។
សារាចរស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ បានកំណត់ថា ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលពន្ធពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាប័ណ្ណ ឲ្យបានប្រមាណ ៧០ លានដុល្លារអាមេរិក ដែលមានថយចុះ ១.៧ ភាគរយ បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤។។
អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក រស់ ភីរុណ ថាឆ្នាំ ២០២៥ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការប្រមូលចំណូល ពីវិស័យល្បែងពាណិជ្ជកម្ម ហើយរំពឹងទុកថានឹងសម្រេចបានតាមផែនការនៃច្បាប់ថវិកា សម្រាប់គ្រប់គ្រងឆ្នាំ ២០២៥ ដែលបានដាក់ចេញ។
ការប្រមូលចំណូលពីវិស័យល្បែងកាលពីឆ្នាំមុន លោក រស់ ភីរុណ បានវាយតម្លៃថា ស្ថានភាពការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនេះ មានលក្ខណៈល្អប្រសើរ ដោយទទួលបានចំណូល ប្រមាណ ៦០ លានដុល្លារ កើនឡើងចំនួន៨៥% ធៀបនឹង ២០២៣។ គិតត្រឹមដំណាច់ឆ្នាំ ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណជូនដល់កាស៊ីណូ ១៩៥។ គិតមកដល់បច្ចុប្បន្ន អាជ្ញាប័ណ្ណទាំងនោះត្រូវបានដកហូត ១, ព្យួរ ១ និងផុតសុពលភាព១៥។
ចំណែកល្បែងផ្សងសំណាង គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណសរុប ២១ ក្រុមហ៊ុន ក្នុងនោះដកហូត ១ ក្រុមហ៊ុន និងព្យួរ ៣ ហើយសាខាល្បែងផ្សងសំណាង ៤៥ សាខា ក្នុងនោះព្យួរ ១៣ សាខា និងលិខិតអនុញ្ញាតបុស្តិ៍សេវាល្បែងផ្សងសំណាង ៩០ ផុតសុពលភាពទាំងអស់៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ អ៊ីនធឺណេត