ឥណ្ឌាច្រានចោលសំណើរូបិយប័ណ្ណ BRICS បារម្ភពីទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក

ប្រទេសឥណ្ឌា ដែលជាសមាជិកមួយនៃក្រុម BRICS នៅតែមិនពេញចិត្តក្នុងការបង្កើតរូបិយប័ណ្ណថ្មី ដើម្បីធ្វើប្រតិបត្តិការជាមួយសមាជិកដទៃ ដ្បិតពួកគេមានការព្រួយបារម្ភថា ផែនការមួយនេះនឹងធ្វើឲ្យសម្ព័ន្ធភាពរវាងឥណ្ឌា និងអាមេរិក ឈានដល់ចំណុចបែកបាក់។

ទីភ្នាក់ងារព័ត៌មាន Watcher បានរាយការណ៍ថា ក្របខ័ណ្ឌការវិវត្តនៃសម្ព័ន្ធភាព BRICS កំពុងឆ្ពោះទៅរកការបង្កើតរូបិយប័ណ្ណថ្មីមួយសម្រាប់ពាណិជ្ជកម្មក្នុងតំបន់។ វា​ប្រឈម​នឹង​ប្រព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក ប៉ុន្តែ​ការជំរុញ​ឆ្ពោះទៅរក​រូបិយប័ណ្ណ​រួម​​ត្រូវបាន​ធ្វើឡើង​ដោយ​ចិន និង​រុស្ស៊ី។ អាជីវកម្មឥណ្ឌាមានការព្រួយបារម្ភថារូបិយប័ណ្ណ BRICS នឹងកាន់តែផ្តល់អំណាចដល់ប្រទេសចិន និងធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេកាន់តែមានឥទ្ធិពល។

រូបិយប័ណ្ណ BRICS នឹងផ្ដល់ផលប្រយោជន៍ធំសម្រាប់ប្រទេសចិន និងរុស្ស៊ី ដើម្បីសម្រេចមហិច្ឆតា ប្រជែងតំណែងមហាអំណាចសេដ្ឋកិច្ចពិភពលោក ជាមួយអាមេរិក។ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឲ្យក្ដីសង្ឃឹមរបស់ឥណ្ឌា ក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី៣ មានភាគរយតិចជាងមុនក្នុងការសម្រេចបាន។

ខុសប្លែកពីចិន និងរុស្ស៊ី ប្រទេសឥណ្ឌាចាំបាច់ត្រូវការប្រាក់ដុល្លារ ដើម្បីអាចដកដង្ហើមបានស្រួល នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក ជួបភាពវ៉ឹកវរ ដ្បិតបច្ចុប្បន្នអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំ និងជាប្រភពចំណូលសំខាន់មួយរបស់ឥណ្ឌា។

ប្រាក់ដុល្លារបានជួយដល់សេដ្ឋកិច្ចឥណ្ឌាជាខ្លាំង ហើយការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង២ តាមរយៈវិស័យបច្ចេកវិទ្យា ធនាគារ និងពាណិជ្ជកម្ម រឹតតែធ្វើឲ្យឥណ្ឌាគ្មានផ្លូវទាត់ចោលប្រាក់ដុល្លារ ស្រវាយករូបិយប័ណ្ណ BRICS ឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ Watcher